ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ បាននិយាយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ អាចចូលរួមចរចាសន្តិភាពជាមួយទីក្រុងគៀវបាន ប៉ុន្តែបានបដិសេធការពិភាក្សាដោយផ្ទាល់ជាមួយលោក Volodymyr Zelenskyy ដោយលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានផុតអាណត្តិទៅហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសមួយតាមទូរទស្សន៍ កាលពីថ្ងៃទី២៨ ខែមករាថា ៖”ប្រសិនបើលោក Zelenskyy ចង់ចរចា ខ្ញុំនឹងចាត់មនុស្សផ្សេងឲ្យចូលរួម”។ ដោយនិយាយបន្ថែមទៀតថា មេដឹកនាំអ៊ុយក្រែនរូបនេះ កំពុងកាន់អំណាចដោយខុសច្បាប់ ក៏ព្រោះតែអាណត្តិប្រធានាធិបតីរបស់គាត់ បានផុតកំណត់ក្នុងអំឡុងពេលប្រកាសចេញច្បាប់អាជ្ញាសឹកមកម្លេះ។
ប្រមុខវិមានក្រឹមឡាំងរូបនេះ បានបន្ថែមថា ៖”ប្រសិនបើអ៊ុយក្រែនមានបំណងចង់ចរចា និងរកវិធីសម្រុះសម្រួល សូមចាត់តាំងអ្នកផ្សេងឲ្យដឹកនាំការចរចានេះ។ ពិតណាស់ យើងនឹងប្រយុទ្ធដើម្បីអ្វីដែលសក្តិសមនឹងយើង និងអ្វីដែលជាផលប្រយោជន៍របស់យើង”។
“ប្រសិនបើពួកគេចង់ធ្វើវា មានវិធីស្របច្បាប់ដើម្បីធ្វើវា។ សូមឲ្យប្រធានសភារ៉ាដា (សភាអ៊ុយក្រែន) ដោះស្រាយវាតាមរដ្ឋធម្មនុញ្ញ។ ហើយបើមានការចង់បាន យើងអាចដោះស្រាយតាមផ្លូវច្បាប់ទាំងអស់។ ប៉ុន្តែរហូតមកដល់ពេលនេះ យើងមិនទាន់ឃើញមានការចង់បានបែបនេះនៅឡើយទេ”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ពូទីន។
គួរឲ្យដឹងថា រុស្ស៊ីបានប្រកែកជាយូរមកហើយថាប្រធានាធិបតី លោក Volodymyr Zelensky លែងមានសិទ្ធិអំណាចផ្លូវច្បាប់ទៀតហើយ ពីព្រោះអាណត្តិរបស់លោកបានបញ្ចប់ តាំងតែពីខែឧសភា ឆ្នាំ២០២៤ មកម្លេះ ហើយគ្មានការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីណាមួយត្រូវបានធ្វើឡើងទៀតនោះឡើយនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីពេលនោះមក។
យ៉ាងណាមិញ ដោយបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេដឹកនាំរុស្ស៊ី ប្រធានាធិបតីលោក Zelenskyy បាននិយាយថា មានឱកាសនៃការសម្រេចបាននូវសន្តិភាពពិតប្រាកដជាច្រើន ប៉ុន្តែមេដឹកនាំវិមានក្រឹមឡាំងកំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។
ទន្ទឹមនឹងនេះ លោក Zelensky ក៏បានសរសេរនៅលើបណ្តាញសង្គម X ទៀតថា៖”ថ្ងៃនេះ លោកពូទីន បានបញ្ជាក់ម្តងទៀតថា គាត់ខ្លាចការចូលតុចរចា ខ្លាចមេដឹកនាំខ្លាំងៗ និងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីអូសបន្លាយជម្លោះ” ៕