រដ្ឋាភិបាលរបស់ប្រទេសដាណឺម៉ាក កាលពីពេលថ្មីៗនេះ បានប្រកាសពីគម្រោងក្នុងការទិញយានជំនិះយោធាដែលមានតម្លៃដល់ទៅ ២ពាន់លានដុល្លារដើម្បីបង្កើនវត្តមានរបស់ខ្លួននៅ Greenland ដែលជាកោះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ក្រុមមន្ត្រីរបស់ដាណឺម៉ាក បានប្រកាសផែនការលទ្ធកម្មដែលមានទឹកប្រាក់ំនួន ២ពាន់លានដុល្លារ កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ ក្នុងគោលបំណងទិញកប៉ាន់ល្បាតតំបន់អាក់ទិកចំនួន៣ គ្រឿង យន្តហោះគ្មានមនុស្សបើករយ:ចម្ងាយឆ្ងាយចំនួន ២ គ្រឿង និងយន្តហោះល្បាតដែនសមុទ្រជាច្រើនគ្រឿងទៀត ដើម្បីបង្កើនវត្តមានយោធារបស់ពួកគេ នៅលើកោះ Greenland។
ចំពោះយានជំនិះយោធាថ្មីៗទាំងនេះនឹងជំនួសទូកល្បាត និងយន្តហោះដែលមានវ័យចំណាស់ ដោយផ្តល់ដាណឺម៉ាកនូវសមត្ថភាពឃ្លាំមើលបន្ថែមទៀត នៅជុំវិញកោះ Greenland ។
យ៉ាងណាមិញ ជុំវិញកម្មវិធីថ្មីចុងក្រោយនេះ ត្រូវបានប្រកាសនៅពេលដែលប្រទេសដាណឺម៉ាក ហាក់កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ហាញពីចេតនារបស់លោកម្តងហើយម្តងទៀត ក្នុងការទិញយកកោះ Greenland មកគ្រប់គ្រង។
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយថា ៖”យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរទាក់ទងនឹងគោលនយោបាយសន្តិសុខ។ ទីភ្នាក់ងារស៊ើបការណ៍ការពារជាតិដាណឺម៉ាកវាយតម្លៃថា ការគំរាមកំហែងនៅតំបន់អាក់ទិក និងអាត្លង់ទិកខាងជើងកាន់តែសភាពអាក្រក់ទៅៗ ដូច្នេះយើងត្រូវតែបង្កើនវត្តមានយោធារបស់យើងនៅទីនោះឲ្យកាន់តែច្រើនបន្ថែមទៀត” ។
ជម្រាបជូនផងដែរថា Greenland ដែលត្រូវបានចាត់ទុកជាកោះធំជាងគេបំផុតរបស់ពិភពលោក បច្ចុប្បន្នកំពុងស្ថិតនៅចំកណ្តាលនៃការប្រកួតប្រជែងយុទ្ធសាស្រ្តកាន់តែខ្លាំងឡើងក្នុងចំណោមប្រទេសមហាអំណាចធំៗ ដើម្បីពង្រីកការគ្រប់គ្រងលើតំបន់អាកទិក តាមរយ:ការទទួលបានផលប្រយោជន៍យោធា ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅទីនោះ។ជុំវិញបញ្ហានេះ បានធ្វើឲ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាកជុំវិញកោះ Greenland កំពុងកើនឡើង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានច្រានចោលកិច្ចព្រមព្រៀងផ្ទេរ Greenland ទៅកាន់សហរដ្ឋអាមេរិកកាលពីដើមខែនេះ។ លោកស្រីបាននិយាយទៀតថា ប្រជាជននៅ Greenland នឹងជាអ្នកសម្រេចលើអនាគតនៃទឹកដីរបស់ខ្លួន ហើយបានទទូចថាកោះនេះមិនមែនសម្រាប់លក់ឡើយ៕