រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែមករាថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda នឹងប្រមូលរថយន្តចំនួន ២៩៤ ៦១២ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកដើម្បីយកមកជួសជុលវិញ ជុំវិញបញ្ហាដែលអាចបណ្តាលឲ្យម៉ាស៊ីនឈប់ដំណើរការ ឬបាត់បង់ថាមពលតែម្តង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការប្រមូលត្រលប់មកវិញសារនេះ បានធ្វើឲ្យប៉ះពាល់ដល់រថយន្ត Honda ចំពោះម៉ូដែល Acura MDX Type-S ផលិតចន្លោះឆ្នាំ២០២២-២០២៥ រថយន្ត Honda Pilot ផលិតចន្លោះឆ្នាំ២០២៣-២០២៥ និង ម៉ូដែល Acura TLX Type-S ផលិតចន្លោះឆ្នាំ២០២១-២០២៥។
ទន្ទឹមនឹងនេះ រដ្ឋបាល NHTSA បាននិយាយទៀតថា កំហុសផ្នែក Software នៅក្នុងយូនីតគ្រប់គ្រងអេឡិចត្រូនិចចាក់ប្រេង (FI-ECU) អាចបណ្តាលឲ្យម៉ាស៊ីនឈប់ដំណើរការ ឬបាត់បង់ថាមពលភ្លាមៗ ដោយបង្កើនហានិភ័យគ្រោះថ្នាក់។
រដ្ឋបាល NHTSA បានឲ្យដឹងទៀតថា ក្រុមហ៊ុនចែកចាយរថយន្ត នឹងប្រមូលរថយន្តមានបញ្ហាទាំងនោះត្រលប់មកវិញ ដើម្បីរៀបចំកម្មវិធី FI-ECU ឡើងវិញជូនអតិថិជនដោយមិនគិតថ្លៃ៕