មេធំ OpenAI គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ

អន្តរជាតិ

យោងតាមប្រភពក្នុងស្រុកជាច្រើន បានឲ្យដឹងថា ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក OpenAI ដែលគាំទ្រដោយ Microsoft លោក Sam Altman គ្រោងនឹងធ្វើដំណើរទេស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ ចំពេលក្រុមហ៊ុនកំពុងប្រឈមមុខទៅនឹងបញ្ហាផ្លូវច្បាប់នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា លោក Altman បានកំណត់យកថ្ងៃទី៥​ ខែកុម្ភ: សម្រាប់ការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង New Delhi ដែលជាដំណើរទស្សនកិច្ចលើកទី២របស់ខ្លួន ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ។ នៅទីនោះ ប្រធានក្រុមហ៊ុន OpenAI រូបនេះ ត្រូវបានគេរំពឹងទុកថានឹងមានកិច្ចប្រជុំសំខាន់ៗ ជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌា ផងដែរ។

គួរឲ្យដឹងផងដែរថា OpenAI ដែលជាក្រុមហ៊ុនផ្តោតទៅលើបញ្ញាសិប្ប​និម្មិត​​ បាននិយាយថាប្រទេសឥណ្ឌា គឺជាទីផ្សារធំបំផុតទីពីររបស់ខ្លួន ដោយគិតលើចំនួនអ្នកប្រើប្រាស់ បន្ទាប់ពីសហរដ្ឋអាមេរិក។

លោក Altman ធ្លាប់បានទៅទស្សនាប្រទេសឥណ្ឌារួចម្តងហើយ កាលពីក្នុងឆ្នាំ២០២៣ នៅពេលដែលលោក បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi នៅទីក្រុង New Delhi ហើយបានពិភាក្សាអំពីសក្តានុពលនៃការអភិវឌ្ឍបច្ចេកវិទ្យា AI ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាបន្ថែមទៀតផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក OpenAI បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន នៅក្នុងប្រទេសឥណ្ឌា។ យ៉ាងណាមិញ មានពាក្យបណ្តឹងជាច្រើនដែលត្រូវបានដាក់ប្រឆាំងទៅនឹង OpenAI នៅក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំមុន ជុំវិញការរំលោភបំពានទៅលើការរក្សាសិទ្ធិផ្សេងៗ៕