យោងតាមរដ្ឋាភិបាលថៃ បានឲ្យដឹងកាលពីថ្ងៃពុធ ទី២៩ ខែមករាថា គម្រោងផ្លូវដែកល្បឿនលឿនដែលមានចម្ងាយ ៦០៩ គីឡូម៉ែត្រ ដែលនឹងត្រូវតភ្ជាប់រវាងប្រទេសថៃ ទៅកាន់ចិន ដោយឆ្លងកាត់តាមរយ:ប្រទេសឡាវ ត្រូវបានរំពឹងទុកថានឹងបញ្ចប់ការសាងសង់រួចរាល់ នៅឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថា ការសាងសង់នៅដំណាក់កាលទីមួយដែលតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីមា ដែលមានចម្ងាយប្រហែល ២២០ គីឡូម៉ែត្រ បច្ចុប្បន្នបានបញ្ចប់ការសាងសង់ប្រហែល ៣៦% ហើយ។ លោកបន្ថែមទៀតថា សម្រាប់ដំណាក់កាលបន្ទាប់ ដែលជាការសាងសង់បញ្ចប់គម្រោងទាំងស្រុង ឆ្ពោះទៅកាន់ខេត្ត Nong Khai ដែលនៅព្រំដែនជាមួយប្រទេសឡាវ នឹងរួចរាល់នៅឆ្នាំ២០៣០។
ទន្ទឹមនឹងនេះ លោក Jirayu បាននិយាយថានេះគឺជាឱកាសសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី២របស់ពិភពលោក។ លោកបន្ថែមទៀតថា វានឹងជួយជំរុញឲ្យប្រទេសថៃកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។
ជម្រាបជូនផងដែរថា ខ្សែរថភ្លើងល្បឿនលឿនដែលមានតម្លៃ ៦ពាន់លានដុល្លារ និងមានប្រវែង ១០០០គីឡូម៉ែត្រ ដែលតភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទៅកាន់ទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិន បានចាប់ផ្តើមបើកឲ្យដំណើរការជាលើកដំបូង នៅក្នុងឆ្នាំ២០២១។ ផែនការនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕