Meta នឹងផ្តល់សំណង ២៥លានដុល្លារ ជុំវិញការ​ព្យួរ​គណនីបណ្តាញសង្គមរបស់លោក ត្រាំ

អន្តរជាតិ

ក្រុមហ៊ុន Meta Platforms ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមខ្នាតយក្ស Facebook និង Instagram បានឲ្យដឹងកាលពីពេលថ្មីៗកន្លងទៅថា ខ្លួនបានយល់ព្រមបង់ប្រាក់សំណងប្រហែល ២៥លានដុល្លារដើម្បីដោះស្រាយបណ្តឹងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជុំវិញការព្យួរគណនីបណ្តាញសង្គមទាំងពីររបស់លោក ក្នុងអំឡុងឆ្នាំ២០២១ កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា គណនីបណ្តាញសង្គម Facebook និង Instagram របស់លោក ត្រាំ ត្រូវបានបិទភ្លាមៗ ក្រោយកើតព្រឹត្តិការណ៍កុបកម្មនៅវិមានសភា The Capitol របស់សហរដ្ឋអាមេរិក នៅឆ្នាំ២០២១ បន្ទាប់ពីលោកបានអះអាងថាការបរាជ័យក្នុងការបោះឆ្នោតរបស់ខ្លួន ទល់នឹងអតីតប្រធានាធិបតី ចូ បៃដិន នាពេលនោះ ត្រូវបានគេលួចបន្លំ។

យ៉ាងណាក៏ដោយ លោក ត្រាំ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងទៅនឹងបណ្តាញសង្គម Twitter ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា X រួមទាំងក្រុមហ៊ុន Facebook និង Alphabet (Google) ក៏ដូចជានាយកប្រតិបត្តិរបស់ពួកគេផងដែរ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១ ដោយចោទប្រកាន់ថាពួកគេបានបំបិទទស្សនៈបែបអភិរក្ស ដោយខុសច្បាប់។

ទន្ទឹមនឹងនេះ ស្របពេល លោក ត្រាំ ទើបតែចូលកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទីពីរ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram បានសម្រេចផ្តល់សំណង ២៥លានដុល្លារ ដើម្បីបញ្ចប់សំណុំរឿងទាំងនោះវិញ តាមរយ:សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Meta ដែលបានដាក់ទៅកាន់តុលារការសហព័ន្ធនៅ San Francisco។

ជម្រាបជូនផងដែរថា ក្នុងចំណោមសំណងដែលត្រូវបង់ ២៤លានដុល្លារនោះ ទឹកប្រាក់ចំនួន ២២លានដុល្លារ នឹងត្រូវផ្ទេរទៅកាន់មូលនិធិសម្រាប់បណ្ណាល័យប្រធានាធិបតីរបស់លោក ត្រាំ ហើយនៅសេសសល់នឹងត្រូវផ្តល់សម្រាប់ថ្លៃសេវាផ្លូវច្បាប់ និងដើមបណ្តឹងផ្សេងទៀត ក្នុងសំណុំរឿងនេះ៕