ជប៉ុន និងអាមេរិកគ្រោងរៀបចំកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី Ishiba និងលោក ត្រាំ ក្នុងខែកុម្ភ:

អន្តរជាតិ

យោងតាមកាសែតជប៉ុន Asahi បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមករា ថាជប៉ុន និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃផែនការសម្រាប់រៀបចំកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី លោក ស៊ីកេរូ អ៊ីស៊ីបា (Shigeru Ishiba) និងប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងទីក្រុង Washington នាថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា មេដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច ស្របពេលលោក Ishiba ក៏ចង់កសាងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក​ ត្រាំ និងយល់ព្រមធ្វើឲ្យកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតនូវសម្ព័ន្ធភាពជប៉ុន-អាមេរិក ផងដែរ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេសជប៉ុន បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ អំពីពេលវេលាជាក់លាក់សម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ ខណ:កាលវិភាគកំពុងស្ថិតនៅក្រោមការសម្របសម្រួលនៅឡើយ។

ជាមួយគ្នានេះ លោក Ishiba ក៏មានគម្រោងពន្យល់អំពីការបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក តាមរយ:ការបណ្តាក់ទុនរបស់ក្រុមហ៊ុនជប៉ុនជាច្រើន និងការកើនឡើងនៃថវិកាយោធារបស់ប្រទេសជប៉ុនផងដែរ សម្រាប់កិច្ចប្រជុំជាមួយលោក ត្រាំ ដែលអាចកើតឡើងនាពេលខាងមុខថែមទៀតផង៕