អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនប្តូររូបិយប័ណ្ណឌីជីថលកំពូលរបស់ពិភពលោក Binance លោក Changpeng Zhao រួមជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Coinbase លោក Brian Armstrong និងនាយកប្រតិបត្តិក្រុមហ៊ុន Tether Holdings លោក Giancarlo Devasini សុទ្ធតែបានមើលឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើងចន្លោះពី ៣-២០ពាន់លានដុល្លារ កាលពីឆ្នាំមុន។
នៅឆ្នាំ២០២៤ វិស័យគ្រីបតូ ត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនូវប្រព័ន្ធស្តុកទុកកាក់ Bitcoin នៅក្នុងខែមករា និងរួមទាំងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកាផងដែរ។
គួរឲ្យដឹងថាតម្លៃរបស់កាក់ Bitcoin បានកើនឡើងលើសពី ១០ម៉ឺនដុល្លារ ក្នុងមួយកាក់ កាលពីចុងឆ្នាំមុន ហើយបានបន្តហក់ឡើងដល់កម្រិតកំពូល ១០៩ ១១៥ដុល្លារ នៅដើមខែនេះ ពោលគឺមុនពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ។
ជុំវិញការកើនឡើងនេះ បានជួយឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជាច្រើននៅក្នុងឧស្សាហកម្មនេះ ហក់ឡើងខ្លាំងកប់ពពកផងដែរ។ យោងតាម Bloomberg Billionaires Index បានបង្ហាញឲ្យដឹងថា ក្នុងចំណោមនោះ មានមហាសេដ្ឋីបីរូបដែលបានកើនទ្រព្យសម្បត្តិរបស់ខ្លួនច្រើនជាង រួមមានលោក Changpeng Zhao, Brian Armstrong និង Giancarlo Devasini ។
លោក Changpeng Zhao ឬត្រូវបានស្គាល់ទូទៅថា CZ បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង ២០,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ដោយបានរុញច្រានឲ្យទ្រព្យសម្បត្តិសរុបរបស់លោកបច្ចុប្បន្នមានប្រហែល ៦១,៤ពាន់លានដុល្លារ នឹងជាប់ក្នុងចំណាត់ថ្នាក់លេខ២៤ ក្នុងបញ្ជីអ្នកមានដាច់គេលើលោក។
ដោយឡែកលោក Brian Armstrong ដែលស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅសហរដ្ឋអាមេរិក Coinbase ក៏បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង ៣,៩ពាន់លានដុល្លារ ផងដែរកាលពីឆ្នាំមុន ដែលធ្វើឲ្យចំនួនទ្រព្យសរុបរបស់លោកបច្ចុប្បន្នមានប្រហែល ១២,៦ពាន់លានដុល្លារ។
ជាមួយគ្នានេះ លោក Giancarlo Devasini ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុនគ្រីបតូ Tether Holdings បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន កើនឡើង ៣,៦២ពាន់លានដុល្លារ កាលពីឆ្នាំទៅ ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបបច្ចុប្បន្នរបស់លោក មានប្រហែល ៨,២៥ពាន់លានដុល្លារ៕