EU ​​គំរាម​​តបតយ៉ាងម៉ឺងម៉ាត់ប្រឆាំងទៅនឹងលោក ត្រាំ វិញ ​បើហ៊ានដាក់ពន្ធលើទំនិញរបស់ខ្លួន

អន្តរជាតិ

សហភាពអឺរ៉ុប (EU) កាលពីពេលថ្មីៗនេះ បានគំរាមឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះផែនការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយប្តេជ្ញាថាប្លុកនេះ នឹងសងសឹកពេញទំហឹងប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិតជាប្រកាសដាក់ពន្ធលើទំនិញរបស់ខ្លួននាពេលខាងមុខនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



គណៈកម្មការ​អឺរ៉ុប ដែល​ជា​ស្ថាប័ន​ប្រតិបត្តិ​កំពូល​របស់​សហភាព​អឺរ៉ុប បាននិយាយថា ៖”EU សោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន។ ពន្ធនេះនឹងបង្កើនការចំណាយសម្រាប់អាជីវកម្ម ប៉ះពាល់ដល់អ្នកប្រើប្រាស់ បង្កឲ្យមានការរំខានសេដ្ឋកិច្ចមិនចាំបាច់ និងបង្កើនអតិផរណា ដែលធ្វើឲ្យខាតបបង់ដល់គ្រប់ភាគីទាំងអស់”។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យគណៈកម្មាការអឺរ៉ុបបានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាមេរិក និង EU គឺធំជាងគេលើពិភពលោក ដោយបញ្ជាក់ថា EU នៅតែប្តេជ្ញារក្សាអត្រាពន្ធទាប ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាពក្នុងក្របខ័ណ្ឌដ៏រឹងមាំ ពាក់ព័ន្ធទៅនឹងប្រព័ន្ធពាណិជ្ជកម្មដោយផ្អែកលើច្បាប់។

តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះក៏បានព្រមានថា EU នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់កាតព្វកិច្ចពន្ធមិនយុត្តិធម៌ ឬតាមអំពើចិត្ត លើទំនិញរបស់ប្លុកនេះ។ អ្នក​នាំពាក្យ​គណៈកម្មការ​អឺរ៉ុប​ បាន​បន្ថែម​ទៀតថា​ នៅ​ពេល​នេះ សហភាព​អឺរ៉ុប​មិន​បាន​ដឹង​ពីដាក់ពន្ធ​បន្ថែម​ណា​មួយ​ដែល​ត្រូវ​បានធ្វើឡើងដោយអាមេរិកនៅឡើយ​នោះ​ទេ។

ជម្រាបជូនផងដែរថា សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបញ្ជាឲ្យដំឡើងពន្ធ ២៥% លើការនាំចូលលើទំនិញពីកាណាដា ម៉ិកស៊ិក និងពន្ធ ១០% បន្ថែមទៀតលើទំនិញទាំងអស់របស់ប្រទេសចិន ដែលត្រូវបានចូលជាធរមានកាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភ:កន្លងទៅ៕