ក្រសួងឌីជីថលរបស់តៃវ៉ាន់ បានណែនាំដល់នាយកដ្ឋានរដ្ឋាភិបាលរបស់ខ្លួនទាំងអស់មិនឲ្យប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុនចិន DeepSeek នោះឡើយ ដោយសារតែមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ជុំវិញការព្រមាននេះ ត្រូវបានធ្វើឡើងចំពេលមានការភ័យខ្លាចជាបន្តបន្ទាប់អំពីបច្ចេកវិទ្យារបស់ចិន ចំពេលកំពុងមានការដាក់សម្ពាធកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលទីក្រុងក្រុងប៉េកាំងជុំវិញកោះតៃវ៉ាន់ និងការគំរាមកំហែងទាំងផ្នែកនយោបាយ និងយោធា។
អាជ្ញាធរតៃវ៉ាន់ បានលើកឡើងពីហានិភ័យដែលអាចកើតមានពីការបញ្ជូនទិន្នន័យឆ្លងព្រំដែន និងការលេចធ្លាយព័ត៌មាន ដោយសង្កត់ធ្ងន់ទៅលើកម្មវិធីបញ្ញាសិប្បនិម្មិតថ្មីរបស់ DeepSeek ថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ទន្ទឹមនឹងនេះ ក្រសួងឌីជីថលរបស់តៃវ៉ាន់បានសន្យាថានឹងតាមដានការអភិវឌ្ឍបច្ចេកវិទ្យា និងកែសម្រួលគោលនយោបាយសន្តិសុខផ្សេងឲ្យស្របតាមច្បាប់របស់ខ្លួន។
ជាមួយគ្នានេះផងដែរ មិនត្រឹមតែតៃវ៉ាន់ប៉ុណ្ណោះទេ អង្គការឃ្លាំមើលឯកជនភាពរបស់ប្រទេសកូរ៉េខាងត្បូង ក៏កំពុងស៊ើបអង្កេតលើការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ DeepSeek ផងដែរ ស្របពេលនិយតករអ៊ឺរ៉ុបប្រចាំនៅប្រទេសបារាំង អ៊ីតាលី និងអៀរឡង់ ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតស្រដៀងគ្នានេះ ទៅនឹងការគំរាមកំហែងណាមួយដែលអាចកើតមានឡើងជុំវិញកម្មវិធី AI ថ្មីរបស់ចិននេះផងដែរ។
ជម្រាបជូនផងដែរថា ជំនួយការ AI ថ្មីរបស់ DeepSeek កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយបានវ៉ាដាច់កម្មវិធី AI របស់អាមេរិក ChatGPT ក្នុងការទាញយកនៅលើ AppStore របស់ Apple ផងដែរ។ ហើយមិនតែប៉ុណ្ណោះ ការបញ្ចេញកម្មវិធី AI ថ្មីរបស់ក្រុមហ៊ុនចិននេះ ក៏បានបណ្តាលឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Nvidia ធ្លាក់ចុះអស់ចំនួនប្រមាណជិត ៦០០ពាន់លានដុល្លារ ត្រឹមរយ:ពេលតែមួយថ្ងៃផងដែរ៕