លោក Jensen Huang នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីក្រុមហ៊ុនខ្លួនទទួលរងសម្ពាធយ៉ាងខ្លាំង ជុំវិញការប្រកួតប្រជែងជាមួយប្រទេសចិន និងការគំរាមកំហែងនៃពន្ធលើបន្ទះឈីប Semiconductors ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ក្នុងអំឡុងកិច្ចប្រជុំដ៏គួរឲ្យភ្ញាក់ផ្អើលនោះ អ្នកនាំពាក្យក្រុមហ៊ុន Nvidia បាននិយាយថា ៖”យើងបានកោតសរសើរចំពោះឱកាសដ៏ពិសេសដើម្បីជួបជាមួយប្រធានាធិបតី លោក ត្រាំ និងពិភាក្សាអំពីបន្ទះឈីប Semiconductors និងគោលនយោបាយផ្សេងៗពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា AI” ។ Jensen និងប្រធានាធិបតីអាមេរិក បានពិភាក្សាគ្នាច្រើន អំពីសារៈសំខាន់នៃការពង្រឹងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងភាពជាអ្នកដឹកនាំលើបច្ចេកវិទ្យា AI” ។
ជាមួយគ្នានេះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា៖”វាគឺជាកិច្ចប្រជុំដ៏ល្អមួយ ប៉ុន្តែនៅទីបំផុតយើងនឹងនៅតែបន្តដាក់ពន្ធគយបន្ថែមទៅលើការនំាចូលបន្ទះឈីបដដែល”។
គួរឲ្យដឹងផងដែរថា លោក ត្រាំ ធ្លាប់បានប្រកាសថា លោកនឹងដាក់ពន្ធលើការនាំចូលបន្ទះឈីបកុំព្យូទ័រទៅកាន់សហរដ្ឋអាមេរិក ខណ:វាត្រូវបានគេរំពឹងថានឹងប៉ះពាល់យ៉ាងខ្លាំងទៅលើអាជីវកម្មរបស់ក្រុមហ៊ុន Nvidia ដែលពឹងផ្អែកលើសមាសធាតុនាំចូល ដែលភាគច្រើនមកពីតៃវ៉ាន់។
យ៉ាងណាមិញ ជុំវិញផែនការរឹតបន្តឹងនេះ បានស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងសប្តាហ៍នេះ ជាពិសេសនៅពេលដែលក្រុម DeepSeek របស់ចិន បានដាក់ចេញនូវជំនួយការ AI ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ដែលកំពុងវាយលុយយ៉ាងខ្លាំងទៅក្នុងទីផ្សារសកល និងធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗជាច្រើន ធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស។
ជម្រាបជូនផងដែរថា បន្ទាប់ពីរបកគំហើញថ្មីរបស់ DeepSeek នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថារដ្ឋបាលរបស់លោក ត្រាំ កំពុងស្វែងរកវិធីដើម្បីពង្រីកការរឹតបន្តឹងបន្ថែមទៀតចំពោះការនាំចេញបន្ទះឈីបចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nvidia ។ ម៉ូដែល AI ថ្មីរបស់ DeepSeek បានធ្វើឲ្យភាគហ៊ុនរបស់ Nvidia ធ្លាក់ចុះយ៉ាងខ្លាំង កាលពីដើមសប្តាហ៍មុន ដោយធ្វើឲ្យពួកគេបាត់បង់តម្លៃទីផ្សារជិត ៦០០ពាន់លានដុល្លារ ត្រឹមរយ:ពេលមួយថ្ងៃប៉ុណ្ណោះ៕