ការនាំចេញមាសពីប្រទេសស្វីស ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែធ្នូ ខណៈពេលដែលពាណិជ្ជករបានព្យាយាមស្វែងរកលទ្ធភាពក្នុងការការពារទុកជាមុន ចំពេលមានវិធានការពន្ធគយរបស់លោក ដូណាល់ ត្រំាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រទេសស្វីស ដែលជាមជ្ឈមណ្ឌលចម្រាញ់ និងដឹកជញ្ជូនមាសដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានគេរាយការណ៍ថា បាននាំចេញមាសចំនួន ៦៤,២តោនទៅកាន់សហរដ្ឋអាមេរិក នៅក្នុងខែធ្នូដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ដែលនៅពេលនោះទីផ្សារពិភពលោកកំពុងប្រឈមមុខនឹងផលវិបាកភ្លាមៗ ជុំវិញការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងទៀតផងដែរថា បរិមាណនេះគឺច្រើនជាងការនាំចេញកាលពីខែវិច្ឆិកាដល់ទៅ ១១ដងឯណោះ និងមានតម្លៃសរុបជិត ៦ពាន់លានដុល្លារ។
ក្នុងរយៈពេលពីរខែចុងក្រោយនេះ មាសសរុបចំនួន ១២,៩លានត្រយអោន (៤០១ តោន) ត្រូវបានបញ្ជូនទៅឃ្លាំងស្តុកទុក COMEX ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក មានដោយបានបង្កើនមាសស្តុកនៅទីនោះ ៧៣,៥% ដល់ចំនួន ៣០,៤ លានអោន ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២។
ជម្រាបជូនផងដែរថា តម្លៃមាសដែលត្រូវបានជួញដូរក្នុងផ្សារជួញដូរ COMEX បានកើនឡើងដល់កម្រិតខ្ពស់ជាងតម្លៃស្តង់ដារអន្តរជាតិក្នុងខែធ្នូ ដោយសារពាណិជ្ជករដែលមានភាពភ័យខ្លាចចំពោះវិធានការដំឡើងពន្ធរបស់អាមេរិក បានសម្រុកទិញមាស និងបានចាប់ផ្តើមនាំចេញទៅកាន់ប្រទេសផ្សេងៗ ជុំវិញពិភពលោក៕