មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្រួបបង្រួមរដ្ឋាភិបាលសហព័ន្ធ កាលពីពេលថ្មីៗនេះ ទើបតែបានផ្តល់ព័ត៌មានចុងក្រោយបំផុតមួយ ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបិទទីភ្នាក់ងារផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា USAID ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅថ្ងៃចន្ទនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX ដែលត្រូវបានលោក ត្រាំ ផ្តល់តួនាទីឲ្យដឹកនាំអង្គភាពកាត់បន្ថយការចំណាយរបស់សហព័ន្ធ (DOGE) នោនះ បានលើកឡើងថា ទីភ្នាក់ងារ USAID គឺស្រោចស្រង់លែងបានហើយ ដោយបន្ថែមទៀតថាប្រធានាធិបតីអាមេរិក លោក ត្រាំ បានយល់ស្របថាវាគួរតែដល់ពេលត្រូវបិទចោលហើយ ។
ជាមួយគ្នានេះ យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថារដ្ឋបាលរបស់លោក ត្រាំ ទើបតែបានដកតំណែងមន្ត្រីសន្តិសុខកំពូលពីរនាក់នៅ USAID កាលពីចុងសប្តាហ៍មុន បន្ទាប់ពីពួកគេបានព្យាយាមបញ្ឈប់មិនឲ្យអ្នកតំណាងមកពីនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់មហាសេដ្ឋី Musk ចូលទៅកាន់ផ្នែកហាមឃាត់នៃអគាររបស់ USAID។
គួរឲ្យដឹងផងដែរថា USAID គឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ពិភពលោក។ កាលពីក្នុងឆ្នាំសារពើពន្ធ២០២៣ កន្លងទៅ សហរដ្ឋអាមេរិកបានបញ្ចេញទឹកប្រាក់សរុបប្រមាណ ៧២ពាន់លានដុល្លារ ក្នុងការផ្តល់ជំនួយនៅទូទាំងពិភពលោក ដែលរាប់ចាប់ពីសុខភាពស្ត្រីនៅក្នុងតំបន់មានជម្លោះ ការទទួលបានទឹកស្អាត ការព្យាបាលមេរោគអេដស៍/ជំងឺអេដស៍ សន្តិសុខថាមពល និងការងារប្រឆាំងអំពើពុករលួយ ជាដើម។
ជម្រាបជូនទៀតថា USAID បានផ្តល់ជូន ៤២% នៃជំនួយមនុស្សធម៌ទាំងអស់ដែលត្រូវបានតាមដានដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២៤។ បច្ចុប្បន្ន USAID មានបុគ្គលិកសរុបជាង ១ ម៉ឺននាក់ ស្របពេលគេហទំព័រផ្លូវការរបស់ទីភ្នាក់ងារនេះ បានបិទដំណើរការរួចទៅហើយ ខណ:អ្នកប្រើប្រាស់មួយចំនួនមិនអាចចូលទៅប្រើវាបានទៀតនោះឡើយ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ៕