តុលាការ​ថៃ​ អនុញ្ញាត​ឲ្យអតីត​នាយករដ្ឋមន្ត្រី​ លោក ថាក់ស៊ីន ​ចាក​ចេញពី​ប្រទេសបាន

អន្តរជាតិ

តុលាការមួយរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថានឹងផ្តល់ការអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចធ្វើដំណើរចាកចេញទៅក្រៅប្រទេសបាន ដែលនេះត្រូវបានចាត់ទុកថាជាករណីលើកលែងដ៏កម្របំផុតមួយសម្រាប់ចុងចោទដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីវ័យ ៧៥ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភបំពានអំណាច បន្ទាប់ពីរូបលោក បានវិលត្រលប់មកកាន់ប្រទេសថៃវិញ កាលពី ២ឆ្នាំមុន ក្រោយនិរទេសខ្លួនទៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ។ ក្រោយមក លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រលើកលែងទោសវិញ នៅរយៈពេល ៦ខែក្រោយការធ្វើមាតុភូមិនិវត្តន៍។

កាល​ពី​ឆ្នាំ​មុន លោក ថាក់ស៊ីន ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ជុំវិញ​ការ​អធិប្បាយរបស់លោក នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ជាង ៩​ឆ្នាំ​មុន ហើយ​លោកនឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស ​នៅ​ខែ​កក្កដាខាងមុខនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីចុងសប្តាហ៍មុន តុលាការថៃ បានសម្រេចអនុញ្ញាតអតីតនាយករដ្ឋមន្ត្រីរូបនេះ ធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូង ដោយលើកឡើងពីអត្ថប្រយោជន៍នៃទំនាក់ទំនងអន្តរជាតិ ជាហេតុផលសម្រាប់ការចាកចេញពីប្រទេសជាបណ្តោះអាសន្ន បើទោះបីជាមិនមានការបញ្ជាក់លម្អិតអំពីគោលបំណងនៃការធ្វើដំណើរនេះក៏ដោយ។

ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍របស់តុលាការថៃ បានគូសបញ្ជាក់ថា៖ “តុលាការបានពិចារណា និងអនុញ្ញាតឲ្យជនជាប់ចោទចាកចេញពីប្រទេសថៃ នៅចន្លោះថ្ងៃទី២-៣ ខែកក្កដា ដែលនឹងមិនប៉ះពាល់ដល់ការកាត់ក្តីនោះឡើយ”។

មិនតែប៉ុណ្ណោះ នៅក្រោមការអនុញ្ញាតពីតុលាការនេះ លោក ថាក់ ស៊ីន ចាំបាច់ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ក្នុង​រយៈពេល​បី​ថ្ងៃ​ក្រោយការវិលត្រលប់របស់លោក ចូល​មកកាន់ប្រទេសវិញ។​

ជម្រាបជូនផងដែរថា កាលពីខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ដែលម៉ាឡេស៊ី នឹងត្រូវធ្វើជាម្ចាស់ផ្ទះផ្ទាល់៕