តារាសម្តែងកំពូលតៃវ៉ាន់ Barbie Hsu ហៅសាន់ឆាយ បន្សល់ទុកទ្រព្យសម្បត្តិរាប់លានដុល្លារ មុនលាចាកលោក

អន្តរជាតិ

តារាសម្ដែង និងជាតារាចម្រៀងលំដាប់កំពូលរបស់តៃវ៉ាន់ អ្នកនាង Barbie Hsu ឬត្រូវបានគេស្គាល់ថាជាតួអង្គ សាន់ឆាយ បានទទួលមរណភាពក្នុងអាយុ ៤៩ឆ្នាំ ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានកសាងឡើង ក្នុងអាជីពដ៏យូរអង្វែងរបស់នាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន ​​Sao Star ដោយដកស្រង់ពីទិន្នន័យពី ETToday បានបង្ហាញឲ្យដឹងថាអ្នកនាង Hsu ទទួលបានកិច្ចព្រមព្រៀងធំៗជាច្រើនស្ទើតែពេញមួយអាជីពរបស់របស់ខ្លួន ដែលមានទំហំទឹកប្រាក់ដល់ទៅ ៤,៧៥លានដុល្លារអាមេរិកឯណោះ។

ក្រៅតែពីអាជីពជាតារាសម្តែង អ្នកនាង Hsu ក៏​បាន​វិនិយោគ​យ៉ាង​ច្រើន​លើអចលនវត្ថុផងដែរ ដោយ​មានអចលនទ្រព្យប្រណីតៗចំនួន ៣។ នាងបានទិញវីឡាចំនួនពីរដែលមានតម្លៃសរុបចំនួន ១៨លានដុល្លារ ហើយនៅឆ្នាំ២០១៦ នាងបានទិញផ្ទះល្វែងទំហំ ៧៦០ ម៉ែត្រការ៉េបន្ថែមទៀត ដែលស្ថិតនៅស្រុក Xinyi ទីក្រុងតៃប៉ិ ជាមួយអតីតស្វាមីជាអ្នកជំនួញជនជាតិចិន គឺលោក Wang Xiaofei ក្នុងតម្លៃ ១២លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការលែងលះជាមួយលោក Wang ​នៅក្នុងឆ្នាំ២០២១ កាសែត Mirror Media បានប៉ាន់ប្រមាណថាអ្នកនាង Hsu ទទួលបាន​ចំណែកចំនួន ៦០០លានដុល្លារតៃវ៉ាន់ (១៩លានដុល្លារ) ពីទ្រព្យសម្បត្តិសរុបរបស់ពួកគេដែលមានតម្លៃសរុបប្រមាណ ៩៥០លានដុល្លារតៃវ៉ាន់ (២៩លានដុល្លារអាមេរិក) ។ ហើយមិនយូរប៉ុន្មានបន្ទាប់ពីការបែកគ្នានេះ អ្នកនាង Hsu ក៏បានសម្រេចរៀបការជាមួយតន្ត្រីករជនជាតិកូរ៉េខាងត្បូង DJ Koo ជំនួសវិញ។

យោងតាមរបាយការណ៍ពី AsiaOne បង្ហាញថាអ្នកនាង Hsu មានជំងឺរលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីកើតជំងឺគ្រុនផ្តាសាយ អំឡុងពេលវិស្សមកាលជុំគ្រួសារក្នុងប្រទេសជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្រុម​គ្រួសារ​របស់​អ្នកនាង​បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​មរណភាពដែលនឹកស្មានមិនដល់នេះ។



ជម្រាបជូនផងដែរថា អ្នកនាង Hsu ដែលត្រូវបានអ្នកនិយមតាមដានរឿងភាគនៅក្នុងប្រទេសកម្ពុជាស្គាល់ តាមរយ:តួអង្គ សាន់ឆាយ នេះ ទទួលបានភាពល្បីល្បាញតាមរយៈតួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ល្បីៗ ដូចជា “Meteor Garden”, “Mars” និង “Summer’s Desire” ជាដើម៕