ប្រទេសចិន កាលពីពេលថ្មីៗនេះ បានប្រកាសចាត់វិធានការដ៏ធំទូលាយមួយ ដើម្បីប្រឆាំងទៅនឹងអាជីវកម្មអាមេរិកជាច្រើន រួមទាំងក្រុមហ៊ុន Google ក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្ម និងម្ចាស់ម៉ាកយីហោល្បីឈ្មោះ Calvin Klein ផងដែរ ជុំវិញការឆ្លើយតបភ្លាមៗទៅលើវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកដែលដាក់ចេញដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានដំឡើងពន្ធលើផលិតផលអាមេរិកជាច្រើន ដូចជា ធ្យូងថ្ម ប្រេង និងរថយន្តមួយចំនួនក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិធានការពន្ធថ្មីលើទំនិញចិនដែលដាក់ដោយលោក ត្រាំ ដែលត្រូវបានគេរំពឹងថានឹងបង្កើនភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងបន្ថែមទៀត រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកទាំងពីរ។
យ៉ាងណាមិញ យោងតាមរដ្ឋបាលបទប្បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បាននិយាយថា ក្រុមហ៊ុន Google ត្រូវបានសង្ស័យថាបានបំពានច្បាប់ប្រឆាំងអាជីវកម្មផ្តាច់មុខរបស់ប្រទេសចិន ហើយការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមឡើងស្របតាមច្បាប់។
ប៉ុន្តែទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មិនមានការផ្តល់នូវព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធទៅលើការស៊ើបអង្កេតនេះ ឬអំពីមូលហេតុដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ឈានដល់ការចោទប្រកាន់ទៅលើក្រុមហ៊ុន Google ថាបានរំលោភបំពានទៅលើច្បាប់នោះ នៅឡើយនោះទេ។
គួរឲ្យដឹងផងដែរថា សេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Google ដូចជាម៉ាស៊ីនស្វែងរក ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកនេះ នៅប្រទេសចិន មានប្រហែល ១% នៃប្រាក់ចំណូលសរុបនៅទូទាំងពិភពលោក។ តែទោះជាយ៉ាងក៏ដោយ Google នៅតែដំណើរការជាមួយដៃគូនានារបស់ខ្លួន នៅក្នុងប្រទេសចិន ដូចជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកផ្សេងទៀត ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងផងដែរថា ខ្លួនបានដាក់ក្រុមហ៊ុន PVH Corp ដែលជាក្រុមហ៊ុនកាន់កាប់ម៉ាកយីហោល្បីៗរួមមាន Calvin Klein និង Tommy Hilfiger និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Illumina ទៅក្នុងបញ្ជី “អង្គភាពមិនគួរឲ្យទុកចិត្ត” របស់ខ្លួន។
ជម្រាបជូនថា សម្រាប់ក្រុមហ៊ុនណាដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនេះ អាចប្រឈមនឹងការផាកពិន័យ និងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយផ្សេងទៀត រួមទាំងការបង្កកពាណិជ្ជកម្ម និងការដកហូតប័ណ្ណការងារសម្រាប់បុគ្គលិកបរទេសផងដែរ៕