Colin Huang ពីអតីតបុគ្គលិកក្រុមហ៊ុន Google ក្លាយជាមហាសេដ្ឋីមានដាច់គេបំផុតទី៤ នៅចិន

អន្តរជាតិ

លោក Colin Huang ត្រូវបានគេស្គាល់ថាជាបុគ្គលដ៏ល្បីធ្លោបំផុតមួយរូប នៅក្នុងវិស័យជំនួញរបស់ប្រទេសចិន ដែលធ្លាប់ធ្វើជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន Google និងជាស្ថាបនិកក្រុមហ៊ុនហាងលក់ទំនិញអនឡាញដ៏ល្បីឈ្មោះរបស់ចិន Pinduoduo ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា គិតត្រឹមពេលបច្ចុប្បន្ននេះ ទ្រព្យសម្បត្តិសរុបរបស់លោក Huang មានចំនួនប្រមាណ ៤០,២ពាន់លានដុល្លារ ដោយបានធ្វើឲ្យលោកជាប់ក្នុងបញ្ជីជាអ្នកមានបំផុតដាច់គេទី៤៣ លើពិភពលោក និងជាប់លេខ០៤ នៅក្នុងប្រទេសចិន។

លោក Colin Huang ដែល​មាន​ឈ្មោះ​កំណើត​ថា Huang Zheng កើត​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ១៩៨០ នៅក្នុងគ្រួសារមានជីវកម្មក្រីក្រមួយ ដោយមាន​ឪពុក​ម្តាយ​ជា​កម្មករ​រោងចក្រ​នៅ​ជាយក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

នៅអាយុ១៨ ឆ្នាំ លោក Huang បានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសកលវិទ្យាល័យ Zhejiang ដោយសារតែលោកមានចំណង់ចំណូលចិត្តខ្ពស់ទៅលើបច្ចេកវិទ្យា នឹងចង់ចូលទៅប្រើអ៊ីនធឺណិតឲ្យបានច្រើន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិបរទេស។

ក្រោយមក លោក Huang ត្រូវបានជ្រើសរើសឲ្យចូលក្នុង Melton Foundation Fellow ដែលជាក្រុមនិស្សិតវ័យក្មេងមកពីតំបន់ដែលកំពុងរីកចម្រើនជុំវិញពិភពលោក ដើម្បីបង្កើនសមត្ថភាព ផ្លាស់ប្តូរបទពិសោធ និងអាចមានឱកាសដើម្បីបន្តការសិក្សានៅក្រៅប្រទេស ផងដែរ។

ពេល​រៀន​នៅ​មហាវិទ្យាល័យ លោក Huang ទទួលបាន​​ប្រាក់​ខែ​ដំបូងរបស់ខ្លួន ក្នុងនាម​ជា​បុគ្គលិក​ហាត់ការ​នៅក្រុមហ៊ុន Microsoft។ លោកបានធ្វើការនៅការិយាល័យរបស់ Microsoft នៅទីក្រុងប៉េកាំងអស់មួយរយ:ពេល បន្ទាប់មកមានឱកាសផ្លាស់ទៅកាន់ការិយាល័យនៅទីក្រុង Redmond រដ្ឋ Washington ។

តែទោះជាយ៉ាងណាក៏ដោយ លោក Huang បានសម្រេចចាកចេញពី Microsoft វិញ បន្ទាប់ពីត្រូវបានគេណែនាំឲ្យចូលរួមជាបុគ្គលិកហាត់ការនៅក្នុងក្រុមហ៊ុន Google ជំនួស។ មិនយូរប៉ុន្មាន លោកក៏ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក តែងតាំងឲ្យធ្វើជាបុគ្គលិកពេញម៉ោង នៅក្នុងនាមជាវិស្វករផ្នែក Software របស់ក្រុមហ៊ុន និងបន្តក្លាយជាអ្នកគ្រប់គ្រងផ្នែកផលិតផល។

យ៉ាងណាក៏ដោយ លោក Huang បានសម្រេចចិត្ត​ត្រឡប់​មកកាន់ប្រទេស​ចិន​វិញ ​ក្នុងអំឡុង​ឆ្នាំ ២០០៦ ដើម្បីមកជួយគ្រប់គ្រងការិយាល័យដំបូងរបស់ Google នៅក្នុងប្រទេសចិន។ នេះ​បើ​យោង​តាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

រយ:ពេលត្រឹមតែ ១ឆ្នាំក្រោយមក លោក Huang បានសម្រេចចិត្តលាលែងពីតំណែងក្នុងក្រុមហ៊ុន Google ហើយងាកមកបើកដំណើរការគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកផ្ទាល់ខ្លួនមួយ ឈ្មោះថា Oukou ដែលលក់គ្រឿងអេឡិចត្រូនិចដូចជាទូរសព្ទដៃ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។ បីឆ្នាំក្រោយមក លោកក៏បានសម្រេចចិត្តលក់ Oukou ហើយបានបង្កើតក្រុមហ៊ុនថ្មីមួយផ្សេងទៀត ឈ្មោះថា Leqi ។ បន្ទាប់មក លោក Huang ក៏បានបន្តបើកស្ទូឌីយ៉ូផលិតហ្គេមមួយឈ្មោះថា Xumeng ផងដែរ។

លុះដល់ឆ្នាំ២០១៥ លោក Huang បានបង្កើតក្រុមហ៊ុន Pinduoduo ដែលមានទីស្នាក់ការនៅទីក្រុងសៀងហៃ ប្រទេសចិន។ ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុន E-commerce ដំបូងគេដែលផ្តោតទៅលើអាជីវកម្មលក់អនឡាញស្ទើតែគ្រប់ទំនិញទាំងអស់ ដោយរាប់ចាប់តាំងពីបន្លែ ផ្លែឈើ។ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Pinduoduo កើបប្រាក់ចំណូលសរុបបាន ២៨០លានដុល្លារ ដែលជាជោគជ័យធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន។

មិនយូរប៉ុន្មានក្រុមហ៊ុន Pinduoduo បានក្លាយជាដៃគូប្រជែងដ៏ធំសម្រាប់ក្រុមហ៊ុន E-commerce ក្នុងស្រុកផ្សេងទៀត បន្ទាប់ពីពួកគេបានចាប់ផ្តើមបោះផ្សាយលក់មូលបត្រជាសាធារណ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨។ នៅពេលនោះក្រុមហ៊ុនបានប្រមូលលុយពី IPO បាន ១៦ពាន់លានដុល្លារ ដោយក្នុងនោះ លោក Huang កាន់កាប់ភាគហ៊ុន ៤៧% ឬស្មើទៅនឹង ១៤ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន ដែលធ្វើឲ្យលោកជាប់ក្នុងចំណោមជាអ្នកមានដាច់គេ នៅក្នុងប្រទេសចិន។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២០ លោក Huang បានសម្រេចលាលែងចេញពីតំណែងជានាយកប្រតិបត្តិ បន្ទាប់មកកាន់កាប់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Pinduoduo។ ក្នុងឆ្នាំ២០២១ លោកបានបន្តលាលែងចេញពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល៕