យោងតាមឯកសារផ្លូវការមួយបានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋជាសមាជិករបស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO នឹងពិភាក្សាគ្នាបន្ថែមទៀតអំពីការកាត់បន្ថយផ្នែកមួយនៃកញ្ចប់ថវិការបស់ខ្លួន រហូតដល់ទៅ ៤០០លានដុល្លារ ជុំវិញការប្រកាសដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ពីស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VOV។
ជុំវិញការកាត់បន្ថយថវិកានេះ នឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី៣-១១ ខែកុម្ភៈ ក្នុងអំឡុងពេលដែលតំណាងរដ្ឋជាសមាជិកនឹងពិភាក្សាគ្នាអំពីការផ្តល់មូលនិធិ និងការងាររបស់ស្ថាប័ន សម្រាប់ឆ្នាំ២០២៦-២០២៧។
WHO ស្នើឲ្យកាត់បន្ថយថវិការយ:ពេលពីរឆ្នាំពីចំនួន ៥,៣ពាន់លានដុល្លារ មកត្រឹម ៤,៩ពាន់លានដុល្លារវិញ។ លើសពីនេះ មានការព្រួយបារម្ភថា ការចាកចេញរបស់សហរដ្ឋអាមេរិក ពី WHO នឹងប៉ះពាល់ដល់សមត្ថភាពរបស់អង្គការក្នុងការចូលរួមដោះស្រាយជំងឺឆ្លងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងស្ថានភាពអសន្នផ្សេងៗទៀត។
យ៉ាងណាមិញ ក្នុងអំឡុងការបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិប្រចាំឆ្នាំរបស់ទីភ្នាក់ងារនេះ អង្គនាយក WHO លោក Tedros Adhanom Ghebreyesus ក៏បានការពារការងាររបស់ស្ថាប័នខ្លួន និងការកែប្រែទម្រង់ថ្មីៗ ដោយថែមទាំងបានរំលឹកឡើងវិញនូវការអំពាវនាវឲ្យសហរដ្ឋអាមេរិក ពិចារណាជាថ្មីនូវការចាកចេញរបស់ខ្លួន និងចូលរួមក្នុងកិច្ចពិភាក្សាជាមួយ WHO អំពីការផ្លាស់ប្តូរផ្សេងៗបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា ៖“យើងស្វាគមន៍ចំពោះការផ្តល់យោបល់ពីសហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកទាំងអស់ អំពីរបៀបដែលយើងអាចបម្រើអ្នក និងប្រជាជនពិភពលោកឲ្យបានប្រសើរជាងមុន” ។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO ដោយបានរួមចំណែកប្រហែល ១៨% នៃមូលនិធិសរុបរបស់ខ្លួន។ WHO បានចាត់វិធានការកាត់បន្ថយការចំណាយមួយចំនួនដាច់ដោយឡែកពីគ្នារួចហើយ បន្ទាប់ពីការសម្រេចចិត្តដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗកន្លងទៅនេះ៕