សេតវិមាន៖ លោក ត្រាំ នឹងនិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងពេលឆាប់ៗ ជុំវិញវិធានការពន្ធថ្មី

អន្តរជាតិ

អ្នកនាំពាក្យរបស់សេតវិមានបានបង្ហាញឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ឆាប់ៗក្នុងសប្តាហ៍នេះ ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលអាចទប់ស្កាត់ការកើតមានសង្គ្រាមពាណិជ្ជកម្មកាន់តែទូលំទូលាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានបញ្ជាឲ្យដាក់ពន្ធលើទំនិញពីប្រទេសម៉ិកស៊ិក កាណាដា និងចិន ដែលជាផ្នែកមួយនៃការទាមទាររបស់ខ្លួន ជុំវិញការទប់ស្កាត់លំហូរនៃសារធាតុញៀន fentanyl ខុសច្បាប់ និងបញ្ហាបទ​ឧក្រិដ្ឋកម្ម​តាមព្រំដែន។

រម្លឹកផងដែរថា លោក ត្រាំ បានសម្រេចផ្អាកការយកពន្ធគយដ៏ច្រើនលើប្រទេសម៉ិកស៊ិក និងកាណាដាវិញ កាលពីថ្ងៃចន្ទ ប៉ុន្តែការយកពន្ធរបស់សហរដ្ឋអាមេរិក លើប្រទេសចិន នៅតែត្រូវចូលជាធរមាន ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ឲ្យដឹងថា ការពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំសហរដ្ឋអាមេរិក និងចិន អាចនឹងកើតមានឡើងក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។

គួរឲ្យដឹងថា កាល​ពី​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតី​ លោក ត្រាំ បានគំរាម​ចាត់វិធានការយ៉ាងតឹងរ៉ឹងទៅលើផែនការពន្ធគយរបស់ខ្លួន​លើ​ប្រទេស​ចិន ដោយបានដាក់ពន្ធ ១០% បន្ថែមលើទំនិញទាំងអស់របស់ពួកគេនៅថ្ងៃសៅរ៍ ហើយត្រូវបានកំណត់ឲ្យចូលជាធរមាន នៅព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភ:កន្លងទៅ។

ទន្ទឹមនឹងនេះ សហរដ្ឋ​អាមេរិក​បាន​និយាយ​ទៀតថា ប្រទេស​ចិន​គឺជា​ប្រភព​ចម្បងនៃចែកចាយសារធាតុគីមី ក្នុងការផលិតជាគ្រឿងញៀន fentanyl ដោយ​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​ម៉ិកស៊ិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយថា ខ្លួនបានចាត់វិធានការសំខាន់ៗរួចមកហើយ ដើម្បីបង្ក្រាបសារធាតុគីមី និងវិធានការណ៍ផ្សេង ដើម្បីកាត់បន្ថយការជួញដូរគ្រឿងញៀនខុសច្បាប់៕