ប្រធានក្រុមហ៊ុន Huawei បានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធ ទី៥ ខែកុម្ភ:ថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន បានកើនឡើងលើស ៨៦០ពាន់លានយ៉ន់ (១១៨,២ពាន់លានដុល្លារ) កាលពីឆ្នាំមុន បើទោះបីជាក្រុមហ៊ុនបានបន្តរងផលប៉ះពាល់ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ស្របពេលអាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន បានវិលត្រឡប់ទៅរកកំណើនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក លាំង ហ័រ (Liang Hua) បានកត់សម្គាស់បែបនេះ នៅក្នុងអំឡុងវេទិកាមួយ នៅទីក្រុង Guangzhou ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុក Shenzhen Business Daily ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei ។
ទន្ទឹមនឹងនេះ លោក Liang បាននិយាយថា ៖ “នៅឆ្នាំ២០២៤ ប្រតិបត្តិការរួមរបស់ក្រុមហ៊ុន Huawei នឹងបំពេញតាមការរំពឹងទុក ហេដ្ឋារចនាសម្ព័ន្ធ ICT នឹងនៅតែមានស្ថេរភាព អាជីវកម្មអ្នកប្រើប្រាស់នឹងត្រលប់មករកភាពរីកចម្រើនវិញ ហើយអាជីវកម្មដំណោះស្រាយរថយន្តឆ្លាតវៃនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំ មានលើសពី ៨៦០ពាន់លានយ៉ន់” ។
គួរឲ្យដឹងថាប្រាក់ចំណូលប្រចាំឆ្នាំដែលមានចំនួនលើសពី ៨៦០ពាន់លានយ៉ន់នេះ នឹងកត់សម្គាល់កំណើន ២២% ធៀបទៅនឹងឆ្នាំ២០២៣ នៅពេលដែលក្រុមហ៊ុន Huawei បានរាយការណ៍ថាប្រាក់ចំណូលរបស់ខ្លួន នៅក្នុងឆ្នាំ២០២៣ កន្លងទៅ មានចំនួនត្រឹម ៧០៤,២ពាន់លានយ៉ន់ប៉ុណ្ណោះ។
ជម្រាបជូនថា អាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានត្រលប់មករកភាពរឹងមាំវិញ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៣ នៅពេលដែក្រុមហ៊ុនចាប់ផ្តើមដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ជាមួយនឹងបន្ទះឈីបផលិតក្នុងស្រុកដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
កាលពីឆ្នាំមុន Huawei បានដណ្តើមយកចំណែកទីផ្សារស្មាតហ្វូនរបស់ចិនដល់ទៅ ១៦% ដែលបានវ៉ាដាច់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple ។ នេះបើយោងតាមទិន្នន័យទទួលបានពី Canalys៕