យោងតាមសារព័ត៌មានក្នុងស្រុក Nikkei បានឲ្យដឹងកាលពីថ្ងៃពុធ ទី៥ ខែកុម្ភ:កន្លងទៅថា ក្រុមហ៊ុន Nissan ហាក់ដូចជាចង់ដកខ្លួនចេញពីកិច្ចចរចាក្នុងការច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុនផលិតរថយន្ត Honda ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គួរឲ្យដឹងថា កាលពីឆ្នាំមុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី២របស់ជប៉ុន និង Nissan ដែលជាក្រុមហ៊ុនធំបន្ទាប់ បាននិយាយថា ពួកគេកំពុងស្ថិតនៅក្នុងការចរចាដើម្បីច្របាច់បញ្ចូលគ្នា ដោយបង្កើតជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៣ របស់ពិភពលោក ដោយគិតលើការចំនួននៃលក់រថយន្ត ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការពិភាក្សារវាងក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនទាំងពីរនេះ ហាក់មានភាពស្មុគស្មាញខ្លាំង ដោយសារតែមានភាពខ្វែងគំនិតគ្នាច្រើន។
ទន្ទឹមនឹងនេះ Reuters រាយការណ៍នៅមុននេះថា ក្រុមហ៊ុន Nissan អាចលុបចោលការពិភាក្សាអំពីការច្របាច់ចូលគ្នានេះចោលតែម្តង បន្ទាប់ពីក្រុមហ៊ុន Honda ចង់ឲ្យ Nissan ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ជាអ្វីដែលខុសពីការចរចាគ្នាពីដំបូង ដែលធ្លាប់បានស្នើឲ្យមានភាពស្មើគ្នា ជុំវិញផែនការច្របាច់បញ្ចូលគ្នាជាក្រុមហ៊ុនតែមួយនេះ។
ប្រភពមួយផ្សេងទៀតបាននិយាយទៀតថា Honda ដែលតម្លៃទីផ្សារប្រហែល ៧,៩២ទ្រីលានយ៉េន (៥១,៩ពាន់លានដុល្លារ) ពោលគឺធំជាង ៥ដងច្រើន បើធៀបទៅនឹងក្រុមហ៊ុន Nissan ដែលមានតម្លៃទីផ្សារ ១,៤៤ទ្រីលានយ៉េននោះ ហាក់បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរីកចម្រើនរបស់ក្រុមហ៊ុនដៃគូរបស់ខ្លួន លើផែនការច្របាច់បញ្ចូលគ្នានេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំង Nissan និង Honda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា អ្វីដែល Nikkei រាយការណ៍មកនោះគឺមិនផ្អែកលើព័ត៌មានពិតប្រាកដដែលប្រកាសដោយក្រុមហ៊ុននោះទេ ខណ:ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនទាំងពីរ គ្រោងបញ្ចប់ការសម្រេចចិត្តនៃទិសដៅនាពេលអនាគតរបស់ខ្លួន នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ៕