ប្រជាជនកាណាដា នាំគ្នាធ្វើពហិកាឈប់ទិញទំនិញអាមេរិក ដើម្បីប្រឆាំងទៅនឹងការដំឡើងពន្ធរបស់លោក ត្រាំ

អន្តរជាតិ

ពលរដ្ឋកាណាដា កំពុងបង្ហាញប្រតិកម្មយ៉ាងខ្លាំង ដោយលុបចោលគម្រោងធ្វើដំណើរទៅទឹកដីរបស់សហរដ្ឋអាមេរិក ក៏ដូចជានាំគ្នាធ្វើពហិការមិនទិញគ្រឿងស្រវឹង និងផលិតផលផ្សេងទៀតរបស់អាមេរិកទៀតនោះឡើយ ហើយថែមទាំងបានស្រែកចំអកទៅលើទង់ជាតិរបស់ប្រទេសនេះ នៅក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗ ផងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ២៥% លើទំនិញភាគច្រើនរបស់ប្រទេសកាណាដា កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបីជាលោក ត្រាំ បានសន្យាថានឹងដាក់ពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិក តាំងពីមុនពេលចូលកាន់តំណែងជាប្រធានាធិបតីក៏ដោយ ក៏ការប្រកាសនេះនៅតែបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាជនកាណាដាជាច្រើន ដោយចាត់ទុកថានេះជារឿងមិនសមហេតុផល។

ទន្ទឹមនឹងនេះ លោក Drew Dilkens អភិបាលក្រុង Windsor របស់ប្រទេសកាណាដា បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីពេលកន្លងទៅថា ៖”វាមានអារម្មណ៍ដូចជា ត្រាំ ចង់រៀបចំរចនាសម្ព័ន្ធពិភពលោកឡើងវិញ។ហើយគាត់សុខចិត្តចាប់ផ្តើមធ្វើវាជាមួយសម្ព័ន្ធមិត្តដែលជិតស្និទ្ធជាងគេបំផុតរបស់គាត់ទៅវិញ ដែលនេះគឺជារឿងពិបាកក្នុងការទទួលយកបំផុត”។

យ៉ាងណាមិញ ជាការឆ្លើយតបទៅនឹងផែនការពន្ធគយថ្មីនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសភ្លាមៗនូវដាក់ពន្ធសងសឹកលើទំនិញអាមេរិកវិញ ដែលត្រូវបានប៉ាន់ស្មានថានឹងមានតម្លៃដល់ទៅ ១០៧ពាន់លានដុល្លារ ឯណោះ។ ជាមួយគ្នានេះ លោក Trudeau
ក៏បានលើកទឹកចិត្តប្រជាជនកាណាដាទាំងអស់ ងាកមកចូលរួមគាំទ្រ និងទិញផលិតផលក្នុងស្រុក និងជ្រើសរើសយកគោលដៅទេសចរណ៍ក្នុងប្រទេសសម្រាប់វិស្សមកាលរបស់ពួកគេជំនួសវិញ។

ជម្រាបជូនផងដែរថា ពលរដ្ឋកាណាដាជាច្រើន បានចាប់ផ្តើមងាកមកគាំទ្រផលិតផលក្នុងស្រុករបស់ខ្លួនវិញ តាមរយ:ការប្តេជ្ញាចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រឆាំងតបតទៅនឹងផែនការពន្ធរបស់អាមេរិក ជាពិសេសចូលរួមលុបចោលគម្រោងក្នុងការដំណើរកម្សាន្តទៅកាន់ទឹកដីសហរដ្ឋអាមេរិកតែម្តង ដែលកន្លងមកទីនោះគឺជាគោលដៅទេសចរណ៍ដ៏ធំបំផុត សម្រាប់ពលរដ្ឋកាណាដា សម្រាប់វិស្សមកាលរបស់ពួកគេ៕