អាមេរិក អះអាងថាចាប់ពីពេលនេះទៅវានារបស់ខ្លួន អាចឆ្លងកាត់ព្រែកជីកប៉ាណាដាបានដោយឥតគិតថ្លៃ

អន្តរជាតិ

សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះថា នាវារដ្ឋាភិបាលរបស់ខ្លួននឹងអាចធ្វើដំណើរដោយសេរីតាមព្រែកជីកប៉ាណាម៉ា ពោលគឺនឹងត្រូវគិតថ្លៃសេវាអ្វីទាំងអស់ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់សម្ពាធទៅលើប្រទេសដែលជាអ្នកគ្រប់គ្រងព្រែកជីកដ៏សំខាន់មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ក្រសួងការបរទេសអាមេរិក បានប្រកាសនៅលើបណ្តាញសង្គម X នាថ្ងៃទី៥ ខែកុម្ភៈថា ដោយមានការយល់ព្រមពីប្រទេសប៉ាណាម៉ា នាវារបស់រដ្ឋាភិបាលអាមេរិកឥឡូវនេះអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ាបានដោយមិនចាំបាច់បង់ថ្លៃសេវាអ្វីទាំងអស់ ដោយនេះនឹងអាចជួយសន្សំការចំណាយរដ្ឋាភិបាលអាមេរិក បានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខាងអាជ្ញាធរព្រែកជីកប៉ាណាម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វី ជុំវិញការអះអាងរបស់ក្រសួងការបរទេសអាមេរិកនៅឡើយនោះទេ។

គួរឲ្យដឹងផងដែរថា ការប្រកាសដោយក្រសួងការបរទេសអាមេរិកបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាណាម៉ា។

ក្រោយកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសរូបនេះ គូសបញ្ជាក់ទៀតថា រដ្ឋាភិបាលប៉ាណាម៉ា បានយល់ព្រមក្នុងការអនុញ្ញាតឲ្យនាវារបស់សហរដ្ឋអាមេរិក ធ្វើដំណើរលើផ្លូវទឹកដ៏សំខាន់នេះដោយឥតគិតថ្លៃ បន្ទាប់ពីព្រែកជីកប៉ាណាម៉ា បានក្លាយជាគោលដៅចម្បងមួយរបស់ប្រធានាធិបតី លោក ត្រាំ ដែលបានរិះគន់ធ្ងន់ៗថា ប្រទេសក្នុងតំបន់អាមេរិកកណ្ដាលមួយនេះ បានយកថ្លៃសេវាជ្រុលហួសហេតុពីនាវារបស់សហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត លោក ត្រាំ ក៏បានចោទផងដែរថាចិនកំពុងគ្រប់គ្រងលើព្រែកជីកនេះ ហើយថានឹងដណ្ដើមយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ប្រសិនបើរដ្ឋាភិបាលប៉ាណាម៉ា មិនចាត់វិធានការដោះស្រាយបញ្ហាដែលលោកបានលើកឡើងទេនោះ៕