រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា កាលពីពេលថ្មីៗនេះ បានចេញមុខច្រានចោលជុំវិញការអះអាងរបស់រដ្ឋាភិបាលអាមេរិក ដែលនិយាយថា ប៉ាណាម៉ាបានអនុញ្ញាតឲ្យនាវារដ្ឋាភិបាលអាមេរិក អាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ាបានដោយឥតគិតថ្លៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC News។
ប្រធានាធិបតីប៉ាណាម៉ា លោក ចូហ្សេ រ៉ាអ៊ូល ម៉ូលីណូ (Jose Raul Mulino) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៦ ខែកុម្ភៈ ថា ៖”ខ្ញុំសូមបដិសេធទាំងស្រុងនូវព័ត៌មានមិនពិតទាំងនេះដែលបានលេចចេញឡើងកាលពីម្សិលមិញ” ។
យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក Mulino បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការបង្ហោះសារមួយរបស់ក្រសួងការបរទេសអាមេរិក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងថា នាវារដ្ឋាភិបាលអាមេរិកនឹងអាចធ្វើដំណើរដោយមិនគិតថ្លៃ តាមរយៈព្រែកជីកប៉ាណាម៉ា ហើយវានឹងជួយសន្សំប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។
ទន្ទឹមនឹងនេះ ប្រធានាធិបតី លោក Mulino បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយបានស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាណាម៉ា បំភ្លឺអំពីបញ្ហានេះ។ លោកបានពណ៌នាថា ចំណាត់ការរបស់ក្រុងវ៉ាស៊ីនតោនជារឿងមិនអាចទទួលយកបាន ហើយបានប្រឆាំងទាំងស្រុងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសារតែការកុហកមួយនេះ។
ជាមួយគ្នានេះ អាជ្ញាធរព្រែកជីកបានបន្តថា អាជ្ញាធរព្រែកជីកប៉ាណាម៉ាមានឆន្ទៈក្នុងការពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកអំពីការឆ្លងកាត់នៃនាវាសម័យសង្គ្រាម ដូចបានលើកឡើង។
រម្លឹកផងដែរថា នៅក្នុងអំឡុងសុន្ទរកថាមួយនាថ្ងៃស្បថចូលកាន់តំណែង កាលពីខែមុន ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគំរាមយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ដោយចោទប្រកាន់ថា ចិនគឺជាអ្នកគ្រប់គ្រងទៅលើព្រែកជីកនេះ។
ប៉ុន្តែទោះជាយ៉ាងណា ប៉ាណាម៉ាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក ត្រាំ ដែលថាប្រទេសចិនត្រូវបានផ្តល់តួនាទីសំខាន់ក្នុងប្រតិបត្តិការព្រែកជីកនេះ។ នៅក្នុងសកម្មភាពដែលមានបំណងបន្ធូរបន្ថយកង្វល់របស់សហរដ្ឋអាមេរិក លោក Mulino បាននិយាយទៀតថា ប៉ាណាម៉ានឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដឹកនាំដោយចិនទៀតទេ៕