មហាសេដ្ឋី Bill Gates ស្កាត់ជួបលោក ត្រាំ ដល់សេតវិមាន ក្នុងការស៊ូមតិដើម្បីរក្សា USAID បន្ត

អន្តរជាតិ

មហាសេដ្ឋី Bill Gates ដែលត្រូវបានជាសប្បុរសជនដ៏លេចធ្លោ និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានឲ្យដឹងថា លោកបានជួបជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃពុធ ដើម្បីតស៊ូមតិសម្រាប់ការបន្តផ្តល់ជំនួយបរទេសពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USIAD។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NBC News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងប្រាប់នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ NBC លោក Bill Gates បានបង្ហើបប្រាប់ពីកិច្ចប្រជុំនេះថា ៖”ខ្ញុំបានទៅសេតវិមាន ពីព្រោះវាមានអ្វីជាច្រើនដើម្បីផ្លាស់ប្តូរ ជាពិសេសអ្វីដែលយើងចង់រក្សាទុក ទាក់ទងនឹងជំនួយបរទេស។ ហើយ​ខ្ញុំ​កំពុង​ធ្វើ​វាឲ្យអស់​ពី​សមត្ថភាព​ដើម្បី​ធ្វើឲ្យប្រាកដ​ថា​យើងអាច​រក្សា​របស់​ដែល​ខ្ញុំ​គិត​ថា​មាន​តម្លៃ​ខ្លាំង​ណាស់”។

ទ​ន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន NBC News បានចុះផ្សាយថា សហស្ថាបនិក Microsoft បាននិយាយថា លោកមានកិច្ចប្រជុំខ្លីជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ និងកិច្ចប្រជុំដ៏យូរជាមួយប្រធានបុគ្គលិកសេតវិមាន លោកស្រី Susie Wiles ផងដែរ ខណ:អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​បញ្ជាក់​ថា លោក Bill Gates ពិតជាបានចូលរួមនៅក្នុងកិច្ចប្រជុំនៅ​សេតវិមានពិតមែន ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះទេ។

គួរឲ្យដឹងផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលរបស់លោក ត្រាំ​ បានសម្រេចបិទទីភ្នាក់ងារ USAID ដែលម្ចាស់ផ្តល់ជំនួយមនុស្សធម៌រាប់ពាន់លានដុល្លារ និងធំជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលដឹកនាំដោយមហាសេដ្ឋី Elon Musk បានចោទប្រកាន់ថាទីភ្នាក់ងារនេះថាជា “អង្គការឧក្រិដ្ឋកម្ម” និងចំណាយខ្ជះខ្ជាយ។

យ៉ាងណាមិញ លោក Bill Gates បានសង្កត់ធ្ងន់ទៀតថា លោកមិនទាន់បានជួបជាមួយជាមួយ លោក Musk ដែលជាអ្នកនៅពីក្រោយការបិទទីភ្នាក់ងារ USAID នេះនៅឡើយទេ ចំពេលមានការខិតខំប្រឹងប្រែងរបស់លោកដើម្បីដោះស្រាយ និងពិភាក្សាអំពីបញ្ហានេះ។

ជម្រាបជូនថា ក្នុង​ឆ្នាំ​សារពើពន្ធ២០២៣ សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​ជំនួយ ៧២ពាន់​លាន​ដុល្លារ​នៅ​ជុំវិញ​ពិភពលោក​ទៅ​លើ​ការផ្តល់ជំនួយគ្រប់ប្រភេទ ដោយរាប់ចាប់ពី​សុខភាព​ស្ត្រី​ក្នុង​តំបន់​សង្គ្រាម ​រហូត​ដល់​ការ​ទទួល​បាន​ទឹកស្អាត ការ​ព្យាបាល​វីរុស​ឬ​ជំងឺ​អេដស៍ សន្តិសុខ​ថាមពល និង​ការងារ​ប្រឆាំង​អំពើ​ពុករលួយ ជាដើម។ ទីភ្នាក់ងារ​នេះ​បាន​ផ្តល់​ជំនួយ​មនុស្សធម៌ ៤២% ក្នុង​ចំណោម​ជំនួយ​មនុស្សធម៌​ទាំងអស់​ដែល​កត់ត្រា​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ២០២៤៕