អាមេរិក គ្រោងកាត់បន្ថយបុគ្គលិកទីភ្នាក់ងារ USAID មកនៅតិចជាង ៣០០ នាក់ នៅទូទាំងពិភពលោក

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងពេលថ្មីៗនេះ ត្រូវបានគេបង្ហាញឲ្យដឹងថា នឹងកាត់បន្ថយបុគ្គលិករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ USAID មកនៅតិចជាង ៣០០ នាក់ចេញ ពីចំនួនបុគ្គលិកសរុបជាង ១០ ០០០ នាក់នៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ទីភ្នាក់ងារ USAID នៅសល់បុគ្គលិកធ្វើការត្រឹមតែ ២៩៤ នាក់ប៉ុណ្ណោះ​ នៅទូទាំងពិភពលោក រួមទាំងបុគ្គលិកចំនួន ១២ នាក់ នៅការិយាល័យអាហ្វ្រិក និង ៨ នាក់ផ្សេងទៀត នៅក្នុងការិយាល័យអាស៊ី។

ជុំវិញការកាត់បន្ថយចំនួនបុគ្គលិកនេះ អតីតអ្នកគ្រប់គ្រងទីភ្នាក់ងារ USAID លោក J. Brian Atwood បាននិយាយថា នេះគឺជារឿងមិនសមហេតុផលទាល់តែទោះ ដោយលោកបានបន្ថែមទៀតថា ការកាត់បន្ថយយ៉ាងច្រើនចំពោះកម្លាំងការងាររបស់ USAID នេះ គឺនឹងស្មើនឹងការសម្លាប់ទីភ្នាក់ងារដែលគាំទ្រមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោ។ USAID មានបុគ្គលិកសរុបជាង ១០ ០០០ នាក់នៅទូទាំងពិភពលោក ហើយ ប្រហែល ២ភាគ៣ នៃបុគ្គលិកទាំងនោះ គឺនៅខាងក្រៅសហរដ្ឋអាមេរិក។

ប្រភព​ដែល​ដឹង​អំពី​បញ្ហា​នេះ​ បាននិយាយ​ទៀតថា បុគ្គលិក​របស់ USAID មួយ​ចំនួន​បាន​ចាប់​ផ្តើម​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​ការ​បញ្ឈប់​ការងាររបស់ពួកគេ​រួច​ហើយ។ គិតត្រឹមទី៧ ខែកុម្ភៈ បុគ្គលិក USAID ដែលធ្វើការដោយផ្ទាល់ទាំងអស់នៅទូទាំងពិភពលោកនឹងបញ្ឈប់ពីការងារ លើកលែងតែបុគ្គលិកសំខាន់ៗក្នុងបេសកកម្ម អ្នកដឹកនាំសំខាន់ៗ និងមន្ត្រីសម្រាប់កម្មវិធីពិសេសៗមួយចំនួនប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យបន្តការងាររបស់ពួកគេ។

ជម្រាបជូនផងដែរថា USAID ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៦១ ហើយត្រូវបានចាត់ទុកថាជាទីភ្នាក់ងារដែលផ្តល់ជំនួយធំជាងគេបំផុតរបស់ពិភពលោក ហើយមានថវិកាសរុបជិត ៤៣ពាន់លានដុល្លារ ត្រូវបានផ្តល់ជូនតាមរយ:ការផ្តល់ជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ជាច្រើននៅជុំវិញពិភពលោក។ USAID ផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសជាង ១០០ រួមទាំងជំនួយសង្គ្រោះលើបញ្ហាគ្រោះមហន្តរាយ ជំនួយផ្នែកវេជ្ជសាស្រ្ត និងសុខភាព និងជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ ជាដើម៕