ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់ប្រទេសថៃ PTT Oil and Retail Business Plc (PTTOR) ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផ្អាកការនាំចេញប្រេងរបស់ខ្លួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនឹងក្រុមឧក្រិដ្ឋជនដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសជិតខាងខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
លោក Racha Uthaichan អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនដែលទទួលបន្ទុកធុរកិច្ចអន្តរជាតិ បាននិយាយថា PTTOR ត្រៀមខ្លួនជាស្រេចហើយដើម្បីអនុវត្តតាមការបង្រ្កាបរបស់រដ្ឋាភិបាល ហើយកំពុងរង់ចាំបទបញ្ជាផ្លូវការពីសំណាក់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជុំវិញការហាមឃាត់ការនាំចេញប្រេងតាមច្រកព្រំដែនចំនួនប្រាំ ជាមួយមីយ៉ាន់ម៉ា។
ក្រុមប្រឹក្សា NSC បានដាក់ចេញច្បាប់ថ្មីមួយកាលពីថ្ងៃទី៤ ខែកុម្ភៈ ដើម្បីអនុម័តវិធានការបន្ថែម ក្នុងការជួយដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ដោយធ្វើការជាមួយអាជីវកម្មធំៗ ដើម្បីបញ្ឈប់ការនាំចេញប្រេង និងសេវាទូរគមនាគមន៍ ទៅកាន់តំបន់ដែលស្ថិតក្រោមការសង្ស័យ។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន PTTOR គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតទៅកាន់ប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដោយនាំចេញប្រេងសាំង និងម៉ាស៊ូតសរុបក្នុងចំនួនចន្លោះពី ១៥-២០ លានលីត្រក្នុងមួយខែ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បាននិយាយមុននេះថា រដ្ឋាភិបាលថៃ ក៏គ្រោងនឹងកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីចំនួន ៥០% ដល់តំបន់នានាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានសង្ស័យថាជាកន្លែងត្រូវបានប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន ដើម្បីដំណើរប្រព្រឹត្តិអំពើខុសច្បាប់របស់ពួកគេ។
ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី០៣ ខែកុម្ភៈ រវាង NSC និងមន្ត្រីមកពីក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរអគ្គិសនីប្រចាំខេត្ត ស្តីពីផែនការកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីដល់តំបន់ដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពខុសច្បាប់៕