សមាជិកសភាបក្សប្រជាធិបតេយ្យ នាំគ្នាស្នើឲ្យ​បណ្តេញមហាសេដ្ឋី Elon Musk ចេញពីតំណែង

អន្តរជាតិ

សមាជិកសភាមួយចំនួនមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មួយ កាលពីពេលថ្មីៗនេះថា ពួកគេកំពុងទទូចឲ្យមានការដកតំណែងមហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk នៅក្នុងស្ថាប័នមួយដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Live5News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើឡើងបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសមាជិកភាពទាំងនោះ យល់ឃើញថាទាំងលោក Musk និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋភិបាល (DOGE) របស់លោក កំពុងក្តោបក្តាប់ការសម្រេចចិត្ត និងមានសិទ្ធិអំណាចជ្រុលហួសហេតុពេក ជាពិសេសទាក់ទិនទៅនឹងការចំណាយរបស់រដ្ឋាភិបាល។

គួរឲ្យដឹងផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសភ្លាមៗបន្ទាប់ពីលោកបានជាប់ឆ្នោតថា លោក Elon Musk នឹងត្រូវតែងតាំងឲ្យដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដើម្បីពិនិត្យមើលហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធ។ ហើយចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែងជាថ្មីមក នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលនេះ បានទទួលសិទ្ធិអំណាចក្នុងការចូលទៅប្រើប្រព័ន្ធទូទាត់របស់រដ្ឋាភិបាល ក៏ដូចជាព្យាយាមបិទទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ USAID និងថែមទាំងជំរុញឲ្យមានការកាត់បន្ថយចំនួនបុគ្គលិកសហព័ន្ធទៀតផង។

ជុំវិញបញ្ហានេះ សមាជិកសភា លោក Greg Casar ដែលជាប្រធានគណកម្មាធិការអភិវឌ្ឍមកពីខាងគណបក្សប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ៖”ថ្ងៃនេះ យើងមកទីនេះដើម្បីនិយាយក្នុងសំឡេងរួមតែមួយជាមួយសមាជិកសភាផ្សេងទៀតថា យើងចង់ស្នើឲ្យមានការដកហូតតំណែងរបស់លោក Elon Musk”។ លោកបានបន្ថែមទៀតថា លោក Musk នឹងយកប្រាក់ចេញពីសាលារៀន កម្មវិធីថែទាំសុខភាព សន្តិសុខសង្គម និងកម្មវិធីផ្សេងៗទៀត។

ទន្ទឹមនឹងនេះ សមាជិកសភាមួយរូបទៀត គឺលោកលោក Jesús “Chuy” García ក៏បាននិយាយផងដែរថា បុរសដែលមានជាងគេបំផុតនៅលើពិភពលោករូបនេះ កំពុងចូលរួមក្នុងការដណ្តើមអំណាចខុសច្បាប់ នៅទូទាំងរដ្ឋាភិបាលរបស់យើង ស្របពេលសមាជិកសភាមួយចំនួនផ្សេងទៀត បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋាន DOGE គឺមិនស្របតាមរដ្ឋធម្មនុញ្ញ និងមានគ្រោះថ្នាក់។

សមាជិកសភាទាំងនេះ បានសង្កត់ធ្ងន់ថា គម្រោងការឯកជនភាវូបនីយកម្មសម្រាប់ទីភ្នាក់ងារនេះ នឹងបង្កឲ្យមនុស្សមានគ្រោះថ្នាក់ ព្រោះថា ការកាត់បន្ថយអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងសេវាកម្មស៊ីវិលអាជីព និងកម្មវិធីមូលដ្ឋានផ្សេងទៀតសម្រាប់មន្ត្រីរដ្ឋការ គឺជាការធ្វើឲ្យបាត់បង់ជីវិត។ ដូច្នេះហើយទើបពួកគេគ្រោងនឹងអំពាវនាឲ្យមានការប្រឆាំងនឹងលោក Musk តាមរយ:ផ្លូវតុលាការ មហាជន និងសភាផងដែរ៕