អាមេរិក លុបចោលការព្រមានអំពីរលកយក្សស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីនៅសមុទ្រការីបៀនធូរស្បើយ

អន្តរជាតិ

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានឲ្យដឹងថា ការព្រមានអំពីការកើតមាននៃរលកយក្សស៊ូណាមិញ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏៏ខ្លាំងក្លាកម្រិត ៧,៦ រ៉ិចទ័រ នៅសមុទ្រការីបៀន ត្រូវបានលុបចោលវិញហើយ ក្រោយស្ថានការណ៍មានភាព​ធូរ​ស្បើយឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមមន្ត្រីរបស់ទីភ្នាក់ងារ USGS បាននិយាយទៀតថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះបានកើតឡើងស្ថិត នៅចម្ងាយប្រហែល ២០ ម៉ាយល៍ (៣២,១គីឡូម៉ែត្រ) ពីភាគខាងជើងនៃប្រទេសហុងឌូរ៉ាស និង ១៣០ ម៉ាយល៍ (២០៩,២ គីឡូម៉ែត្រ) ពីភាគនិរតីនៃកោះកៃម៉ាន នៅពេលដែលវាបានវាយប្រហារកាលពីល្ងាចថ្ងៃសៅរ៍ (ម៉ោងក្នុងស្រុក)។

ជុំវិញស្ថានភាពនេះ ប្រព័ន្ធ​ព្រមាន​រលក​យក្ស​ស៊ូណាមិ​របស់​សហរដ្ឋ​អាមេរិក​ ដំបូង​បាន​ចេញ​ការ​ព្រមាន​ដល់​ប្រទេស​ជា​ច្រើន​ដែលរំពឹងថាអាចនឹងកើតមានរលកយក្ស​កម្ពស់​រហូត​ដល់​ទៅ​បី​ម៉ែត្រ។ ប៉ុន្តែ​ក្រោយ​មក​ ស្ថាប័ននេះ បានចេញសេចក្តីប្រកាសឡើងវិញថា ការ​គំរាម​កំហែង​នេះ ហាក់មានភាព​ធូរ​ស្បើយឡើងវិញហើយ។

ទន្ទឹមនឹងនេះ យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីកាលពីថ្ងៃសៅរ៍នោះ ត្រូវបានចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏ធំបំផុតមួយមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២១ មក ដោយនៅពេលនោះការរញ្ជួយដីដែលមានកម្រិត ៧,២ រិចទ័រ បណ្តាលឲ្យកើតមានរលកយក្សស៊ូណាមិ និងបានវាយប្រហារទាំងស្រុងទៅលើប្រទេសហៃទី។

ប៉ុន្តែទោះជាយ៉ាងណា ប្រហែលបីម៉ោងបន្ទាប់ពីការរញ្ជួយដី អាជ្ញាធរអាមេរិកបានព្រមានថា ការប្រែប្រួលកម្រិតទឹកសមុទ្រនៅតែអាចមានតិចតួច ខណ:រលកខ្លះអាចមានកម្ពស់រហូតដល់ ៣០ សង់ទីម៉ែត្រ ប៉ុន្តែការគំរាមកំហែងណាមួយដែលធ្ងន់ធ្ងរជាងនេះ ហាក់បានកន្លងផុតទៅហើយ៕