មហាសេដ្ឋី Elon Musk របូតទ្រព្យអស់ជិត ៥០ពាន់លានដុល្លារ ក្រោយ ត្រាំ ចូលកាន់តំណែងក្នុងសេតវិមាន

អន្តរជាតិ

វិធានការពន្ធគយថ្មីរបស់ប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើអាជីវកម្មរបស់ Tesla ដែលបណ្តាលឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះបាត់បង់តម្លៃ និងថែមទាំងបានអូសទាញទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk ឲ្យធ្លាក់ចុះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៤០២ពាន់លានដុល្លារ។ ហើយបើទោះបីជាលោកនៅតែត្រូវបានចាត់ទុកជាអ្នកមានដាច់គេនៅលើពិភពលោកក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិរបស់លោក Musk ត្រូវបានគេដឹងថា បានធ្លាក់ចុះអស់ចំនួន ៤៧ពាន់លានដុល្លារឯណោះ គិតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងនៅក្នុងសេតវិមាន នៅថ្ងៃទី២០ ខែមករាមក។

រម្លឹកផងដែរថា លោក Musk ពីមុនត្រូវបានគេចាត់ទុកថាជាអ្នកដែលអាចទទួលផលដ៏ចំណេញច្រើនជាងគេបំផុត ក្រោយលោក ត្រាំ ឈ្នះឆ្នោតឡើងវិញ។ ដោយនៅឆ្នាំ២០២៤ ទ្រព្យសម្បត្តិរបស់លោក Musk បានកើនឡើងជិត ២៥០ពាន់លានដុល្លារ ដែលភាគច្រើនដោយសារតែការកើនឡើងនៃភាគហ៊ុន Tesla ។

តែទោះជាយ៉ាងណាក៏ដោយ គោលនយោបាយពន្ធគយនាំចូលថ្មីរបស់ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Musk ធ្លាក់ចុះយ៉ាងខ្លាំង។ ជុំវិញវិធានការពន្ធនេះ បានធ្វើឲ្យក្រុមអ្នកវិនិយោគ មានការព្រួយបារម្ភថាពន្ធនឹងបង្កើនថ្លៃដើមនៃការផលិតរថយន្ត Tesla និងក្រុមហ៊ុនផ្សេងទៀតដែលពឹងផ្អែកលើការនាំចូលសម្ភារៈសំខាន់ៗ ដូចជាអាលុយមីញ៉ូម និងលីចូម ដែលជាសមាសធាតុសំខាន់នៅក្នុងការផលិតអាគុយរថយន្តអគ្គិសនី។

ជាងនេះទៅទៀត SpaceX ដែលជាក្រុមហ៊ុន​អាវកាស​​ឯកជនរបស់លោក Musk ក៏ស្ថិតនៅក្រោមសម្ពាធមិនតិចផងដែរ ដោយវិនិយោគិននិយាយថា ពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក អាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនអាវកាសមួយនេះ។ បច្ចុប្បន្ន SpaceX ទិញសមាសធាតុជាច្រើនដែលត្រូវការសម្រាប់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់ខ្លួនពីបរទេស។ ដូច្នេះ ពន្ធគយថ្មីនេះអាចនឹងប៉ះពាល់ដោយប្រយោលដល់ក្រុមហ៊ុន SpaceX ដែលមានតម្លៃមូលធនទីផ្សារដល់ទៅ ៣៥០ពាន់លានដុល្លារ និងទ្រព្យសម្បត្តិផ្ទាល់របស់លោក Musk ផងដែរ៕