លោក ត្រាំ ប្រកាសដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម ដែលនំាចូលអាមេរិកដល់ទៅ ២៥%

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែមករាកន្លងទៅ បានប្រកាសថានឹងដាក់ពន្ធបន្ថែមដល់ទៅ ២៥% ទៅលើអាលុយមីញ៉ូម និងដែកដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកពីគ្រប់ប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ក្នុងអំឡុងពេលអាណត្តិដំបូង លោក ត្រាំ បានដាក់ពន្ធ ២៥% លើដែកថែប និង ១០% លើអាលុយមីញ៉ូម។ ប៉ុន្តែ​ក្រោយ​មក​ប្រធានាធិបតី​អាមេរិករូបនេះ ​បានសម្រេច​លើកលែង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗមួយ​ចំនួន​រួម​មាន​កាណាដា ម៉ិកស៊ិក និង​ប្រេស៊ីល ខណ:អតីតប្រធានាធិបតី លោក ចូ បៃដិន ក៏បានផ្តល់ការលើកលែងដល់ចក្រភពអង់គ្លេស ជប៉ុន និងសហភាពអឺរ៉ុប (EU) ផងដែរ។

យោង​តាម​សមាគម​ដែក ​និង​ដែកថែម​របស់​អាមេរិក បានបង្ហាញឲ្យដឹងថា ប្រទេស​កាណាដា ប្រេស៊ីល ម៉ិកស៊ិក កូរ៉េ​ខាង​ត្បូង និង​វៀតណាម គឺជាប្រទេសនាំចូលដែកច្រើនជាងគេបំផុតរបស់សហរដ្ឋ​អាមេរិក​។ ហើយសម្រាប់អាលុយមីញ៉ូមវិញ ប្រទេសកាណាដា បាននាំចូលមកកាន់អាមេរិកច្រើនជាងគេ ដោយក្នុងនោះមានចំនួន ៧៩% នៃការនាំចូលសរុប ក្នុងរយៈពេល ១១ខែដំបូងកាលពីឆ្នាំមុន ស្របពេលម៉ិកស៊ិក​ក៏​ជា​អ្នក​ផ្គត់​ផ្គង់​អាលុយមីញ៉ូម​ដ៏​ធំ​មួយ​ដល់​សហរដ្ឋ​អាមេរិក ផង​ដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបញ្ជាក់ជាថ្មីថា លោកនឹងប្រកាសអំពីវិធានការពន្ធគយថ្មីៗដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ឬ ទី១២ ខែកុម្ភៈនេះ។ ប្រធានាធិបតីរូបនេះ បានបន្ថែមទៀតថា លោក​នឹង​ដាក់​ពន្ធ​សងសឹកទៅលើគ្រប់ប្រទេសទាំងអស់ ​ក្នុង​អត្រា​ដូចគ្នា​ដែល​ពួកគេ​កំពុង​ដាក់​លើ​ទំនិញ​អាមេរិក​បច្ចុប្បន្ន។ លោកបានពន្យល់ថា ៖”វាសាមញ្ញណាស់។ ប្រសិនបើពួកគេដាក់ពន្ធលើយើង យើងដាក់ពន្ធលើពួកគេវិញ” ។

ជម្រាបជូនផងដែរថា ផែនការនេះត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងគោលបំណងដើម្បីធានាថាសហរដ្ឋអាមេរិកត្រូវបានប្រព្រឹត្តិប្រកបដោយភាពយុត្តិធម៌ដូចទៅនឹងប្រទេសដទៃទៀត៕