ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថាមហាសេដ្ឋី Elon Musk ដែលមានតួនាទីដ៏សំខាន់មួយនៅក្នុងជួរដ្ឋភិបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងជួយស្វែងរកការក្លែងបន្លំលុយរាប់រយពាន់លានដុល្លារនៅក្នុងទីភ្នាក់ងារសហព័ន្ធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងបទសម្ភាសជាមួយបុស្តិ៍ទូរទស្សន៍ Fox News កាលពីថ្ងៃទី៩ ខែកុម្ភៈ ប្រធានាធិបតី លោក ត្រាំ បាននិយាយថា ប្រជាជនអាមេរិកចង់ឲ្យលោកស្វែងរកការចំណាយខ្ជះខ្ជាយរបស់រដ្ឋាភិបាលត្រលប់មកវិញ ហើយនិយាយទៀតថា លោក Elon Musk ដែលជាមហាសេដ្ឋីមានដាច់គេលើលោក និងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បានបង្ហាញកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការលុបបំបាត់ការចំណាយដែលមិនចាំបាច់។
លោក ត្រាំ បានបន្ថែមទៀតថា៖ “យើងនឹងស្វែងរកការក្លែងបន្លំ និងការរំលោភបំពានជាច្រើនពាន់លាន។ នោះហើយជាអ្វីដែលប្រជាជនបានជ្រើសរើសខ្ញុំ” ។
គួរឲ្យដឹងផដែរថា ក្នុងរយយ:ពេលត្រឹមតែបីសប្តាហ៍ដំបូងនៃការស្បថចូលកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិជាច្រើនក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់សហព័ន្ធ។ ជាជាមួយគ្នានោះ លោកក៏បានតែងតាំង មហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ឲ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយមិនចាំបាច់របស់សហព័ន្ធ ឬហៅថានាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។
ជម្រាបជូនថា ក្នុងនាមជាប្រធាននាយកដ្ឋាន DOGE លោក Musk បានចាត់វិធានការក្តៅដែលមិនធ្លាប់មានពីមុនមក ក្នុងការបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ហើយថែមទាំងបានបញ្ឈប់បុគ្គលិករាប់ពាន់នាក់របស់ទីភ្នាក់ងារមួយនេះផងដែរ៕