ក្រុមហ៊ុនបច្ចេកវិទ្យាសខ្នាតយក្សធំៗរបស់អាមេរិក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបង្កើនការវិនិយោគដល់រាប់រយពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន នៅឆ្នាំ២០២៥នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Microsoft, Alphabet (Google), និង Meta Platforms បានព្យាករពីការចំណាយមូលធនរួមគ្នាដែលមានចំនួនសរុបដល់ទៅ ២១៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៥ នេះ ពោលគឺកើនឡើងជាង ៤៥% ធៀបនឹងឆ្នាំមុន។ ស្របពេលក្រុមហ៊ុន Amazon ក៏បាននិយាយកាលពីថ្ងៃទី៦ ខែកុម្ភៈថា ខ្លួននឹងចំណាយលុយច្រើនជាង ១០០ពាន់លានដុល្លារ នៅឆ្នាំនេះ ដើម្បីផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន។
ជុំវិញផែនការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនេះ លោក Andy Jassy នាយកប្រតិបត្តិក្រុមហ៊ុន Amazon បាននិយាយថា៖ “យើងគិតថាស្ទើរតែគ្រប់កម្មវិធីទាំងអស់ នឹងត្រូវបានផ្លាស់ប្តូរដោយ AI” ។ លោកសង្កត់ធ្ងន់ទៀតថា AI មានសក្តានុពលក្នុងការបង្កើតការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ហើយ Amazon ចង់ក្លាយជាអ្នកដឹកនាំនៅក្នុងដំណើរការនេះ។
ដោយឡែក Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ក៏បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួននឹងពន្លឿនការវិនិយោគរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលទិន្នន័យសម្រាប់ AI ។ ការចំណាយនេះនឹងរួមបញ្ចូលភាគច្រើននៃកាថវិកាសម្រាប់ចាយវាយលើដើមទុនចំនួន ៧៥ពាន់លានដុល្លារដែលបានគ្រោងទុកនៅឆ្នាំនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុន Microsoft បានប្រកាសជាសាធារណៈផងដែរនូវផែនការចំណាយ ៨០ពាន់លានដុល្លារលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងឆ្នាំសារពើពន្ធ២០២៥ ខណ:ចំនួនថវិកានេះនឹងបន្តកើនឡើងបន្ថែមទៀត នៅក្នុងឆ្នាំសារពើពន្ធខាងមុខនេះ។
មិនតែប៉ុណ្ណោះ នៅខាងក្រុមហ៊ុន Meta ឯណោះវិញ នាយកប្រតិបត្តិ លោក Mark Zuckerberg បាននិយាយថាក្រុមហ៊ុនរបស់លោក រំពឹងថាការចំណាយដើមទុនដំបូង អាចនឹងឈានដល់ចន្លោះពី ៦០ពាន់លានដុល្លារទៅ ៦៥ពាន់លានដុល្លារនៅឆ្នាំនេះ ដោយមួយផ្នែកធំ នឹងត្រូវយកទៅផ្តោតលើ AI ផ្ទាល់តែម្តង៕