រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសប្រេស៊ីល លោក ហ្វឺណាន់ដូ ហាដដាដ (Fernando Haddad) កាលពីថ្ងៃចន្ទកន្លងទៅ បានច្រានចោលនូវរបាយការណ៍ជាច្រើន ដែលនិយាយថារដ្ឋាភិបាលខ្លួន គ្រោងនឹងដាក់ពន្ធសងសឹកទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ បន្តផែនការដាក់ពន្ធ ២៥% ទៅលើការនាំចូលដែក ពីគ្រប់ប្រទេសទាំងអស់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Fernando Haddad បានសរសេរសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ព័ត៌មានទាំងនេះគឺមិនត្រឹមត្រូវនោះទេ បន្ទាប់ពីកាសែតក្នុងស្រុក Folha de S.Paulo បានរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតី លោក លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីវ៉ា (Luiz Inacio Lula da Silva ) កំពុងរៀបចំផែនការគិតពន្ធគយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដើម្បីជាការសងសឹកវិញ។
បើតាមរបាយការណ៍របស់ Folha ដែលបានលើកឡើងនោះ បានបង្ហាញឲ្យដឹងថា វិធានការពន្ធគយថ្មីរបស់ប្រស៊ីល អាចប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Amazon, Meta Platforms របស់ Facebook និង Instagram និង Alphabet ដែលជាក្រុមហ៊ុនមេរបបស់ Google ជាដើម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Haddad បានចេញមុខបដិសេធ និងសង្កត់ធ្ងន់ថា ៖”រដ្ឋាភិបាលប្រេស៊ីល នឹងធ្វើការសម្រេចចិត្តដ៏សមហេតុសមផលមួយ ដើម្បីធ្វើសេចក្តីថ្លែងការណ៍ក្នុងពេលវេលាសមស្រប និងផ្អែកលើការសម្រេចចិត្តជាក់ស្តែង មិនមែននៅលើសេចក្តីប្រកាសដែលអាចត្រូវបានបកស្រាយខុស ឬមានការកែសម្រួលនោះទេ” ។
គួរឲ្យដឹងផងដែរថា ប្រេស៊ីល ជាប្រភពដ៏ធំបំផុតមួយនៃការនាំចូលដែកថែបរបស់សហរដ្ឋអាមេរិក ក៏ដូចជាទីផ្សារកំពូលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។
លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ចេញលិខិតណែនាំថ្មីមួយ ស្តីពីការដំឡើងពន្ធថ្មីចំនួន ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ពីលើពន្ធលោហៈដែលមានស្រាប់ ដែលត្រូវបានចាត់ទុកថាជាវិធានការក្តៅមួយផ្សេងទៀត នៃគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីរូបនេះ៕