មហាសេដ្ឋី Elon Musk អំពាវនាវឲ្យបិទស្ថាប័នព័ត៌មាន VOA និងវិទ្យុអឺរ៉ុបសេរី ដែលផ្តល់មូលនិធិដោយអាមេរិក

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យបិទវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព (RFE/RL) និងវិទ្យុសំឡេងអាមេរិក (VOA) ដោយអះអាងថាអង្គភាពប្រព័ន្ធផ្សព្វផ្សាយចំនួនពីរនេះ គឺលែងពាក់ព័ន្ធអ្វីជាមួយអាមេរិកទៀតឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AMU។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ លោក Musk បានលើកឡើងបែបនេះ តាមរយ:ការខមិនឆ្លើយតបទៅកាន់លោក Richard Grenell ដែលជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់បេសកកម្មពិសេស នៅលើបណ្តាញសង្គម X ដោយលោកបានរិះគន់បណ្តាញផ្សព្វផ្សាយព័ត៌មានទាំងពីរនេះថា ជាអ្នកទទួលបានមូលនិធិពីអ្នកបង់ពន្ធអាមេរិក ប៉ុន្តែបែរជាបម្រើផលប្រយោជន៍ទៅឲ្យសកម្មជនឆ្វេងនិយមទៅវិញ។

មិនតែប៉ុណ្ណោះ​ លោក Richard បានសរសេរទៀតថា ៖”វាជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ​ប៉ុន្តែអង្គភាពទាំងនេះក្លាយជារបស់ចាស់កម្រិល និងហួសសម័យទៅហើយ។ យើង​មិន​ត្រូវ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលត្រូវ​បង់​ប្រាក់​ដោយ​រដ្ឋាភិបាល​អាមេរិកទៀតទេ”។

ជុំវិញការបង្ហោះសារបែបនេះ លោក Musk ក៏បានចូលទៅឆ្លើយតប និងបានបង្ហាញការគាំទ្រពេញទំហឹងថា ៖”ត្រូវហើយ យើងគួរតែបិទសអង្គភាពទាំងពីរនេះចោល”។ លោក​បាន​បន្ត​អះអាងទៀត​ថា អង្គភាពទាំងនេះគ្រាន់​តែ​ជាកន្លែងសម្រាប់ក្រុមមនុស្សឆ្វេងនិយមជ្រុល ដែលតែង​និយាយ​ជាមួយ​ខ្លួន​ឯង ខណៈ​ពួកគេបានធ្វើឲ្យខាតបង់លុយដែលបានពី​អ្នក​បង់​ពន្ធ​អាមេរិក ប្រមាណ ១ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ។

គួរឲ្យដឹងផងដែរថា RFE/RL និង VOA ដំណើរការនៅក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហើយត្រូវបានបង្កើតឡើងដំបូងដើម្បីប្រឆាំងការឃោសនាក្នុងអំឡុងពេលសង្គ្រាមត្រជាក់។ អង្គភាពទាំងពីនេះ បន្តចាក់ផ្សាយនៅក្នុងតំបន់ដែលមានសេរីភាពសារព័ត៌មានរឹតត្បិត រួមមានរុស្ស៊ី អ៊ីរ៉ង់ និងផ្នែកខ្លះនៃតំបន់អាស៊ីកណ្តាល ផងដែរ៕