យោងតាមប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា ប្រទេសរបស់ខ្លួនទទួលបានការបោះទុនវិនិយោគសរុបប្រហែល ១០៩ពាន់លានអឺរ៉ូ (១១២,៥ពាន់លានដុល្លារ) ពីវិស័យឯកជន ដើម្បីជំរុញទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន នៅឯកិច្ចប្រជុំកំពូល Paris AI កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គួរឲ្យដឹងផងដែរថា ក្នុងចំណោមទុនវិនិយោគសរុបនោះ បារាំង នឹងទទួលបាន ២០ពាន់លានអឺរ៉ូ ពីក្រុមហ៊ុនវិនិយោគរបស់កាណាដា Brookfield និង ៥០ពាន់លានអឺរ៉ូផ្សេងទៀត ពីប្រទេសអារ៉ាប់រួម ក៏ដូចជាការផ្តល់ជូនមូលនិធិសម្រាប់ការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ផងដែរ។
សម្រាប់ការវិនិយោគរបស់ Brookfield ត្រូវបានគេរំពឹងថានឹងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយត្រូវការថាមពលយ៉ាងច្រើនដើម្បីដំណើរការ។ ជាមួយនឹងតម្រូវការនៃបច្ចេកវិទ្យា AI កំពុងតែមានការកើនឡើងខ្លាំង អឺរ៉ុបមានបំណងធានាការវិនិយោគចាំបាច់ដើម្បីបំពេញតម្រូវការថាមពល និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើននេះ។
ជម្រាបជូនផងដែរថា ជុំវិញការវិនិយោគលើ AI នៅបារាំងនេះ បានកើតឡើងចំពេលមានការប្រកួតប្រជែងជាសកល ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ក៏បានប្រកាសថាក្រុមហ៊ុនខ្នាតយក្សដូចជា OpenAI, SoftBank និង Oracle នឹងបណ្តាក់ទុកវិនិយោគរួមគ្នាដល់ទៅ ៥០០ពាន់លានដុល្លារ ក្នុងហេដ្ឋារចនាសម្ព័ន្ធ AI សម្រាប់រយ:ពេល ៤ឆ្នាំខាងមុខ ដើម្បីធានាថាសហរដ្ឋអាមេរិក នឹងនៅតែនាំមុខក្នុងការប្រណាំងប្រជែងបច្ចេកវិទ្យា AI សកល៕