មហាសេដ្ឋី Elon Musk ចង់ទិញយកក្រុមហ៊ុន OpenAI ក្នុងតម្លៃជិត ១០០ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនសម្ព័ន្ធមួយដែលដឹកនាំដោយមហាសេដ្ឋី Elon Musk បានឲ្យដឹងកាលពីទី១០ ខែកុម្ភ:កន្លងទៅថា ខ្លួនបានផ្តល់ទឹកប្រាក់ចំនួន ៩៧,៤ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត OpenAI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា ការដេញថ្លៃនេះ ត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តថ្មីមួយរបស់មហាសេដ្ឋី Elon Musk ក្នុងការរារាំង OpenAIពីការផ្លាស់ប្តូរទៅជាក្រុមហ៊ុនរកប្រាក់ចំណេញ។

ជុំវិញសំណើនេះ ក៏ទំនងជាធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងចំពោះទំនាក់ទំនងដ៏យូរអង្វែងរវាងលោក Musk ជាមួយនាយកប្រតិបត្តិ OpenAI លោក Sam Altman ផងដែរ ជុំវិញអនាគតរបស់ក្រុមហ៊ុនដែលផលិតបញ្ញាសិប្បនិម្មិត ChatGPT ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Altman បានបង្ហោះសារឆ្លើយតបវិញភ្លាមៗនៅលើបណ្តាញសង្គម X ដោយនិយាយថា លោកគ្មានចំណាប់អារម្មណ៍នោះឡើយ ហើយចង់ទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter ដែលឥឡូវប្តូរឈ្មោះទៅជា X របស់លោក Musk វិញ ក្នុងតម្លៃ ៩,៧៤ពាន់លានដុល្លារ។

រម្លឹកផងដែរថា លោក Musk បានបង្កើត OpenAI ជាមួយ Altman ជាលើកដំបូងនៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាអង្គភាពមិនស្វែករកប្រាក់ចំណេញ ប៉ុន្តែក្រោយមកមហាសេដ្ឋីមានដាច់គេលើលោក រូបនេះ បានសម្រេចចាកចេញវិញ មុនពេលក្រុមហ៊ុននេះបានដំណើរការ។ លោក Musk បានងាកទៅបង្កើត ក្រុមហ៊ុនAI ចាប់ផ្តើមថ្មីមួយផ្សេងទៀត ឈ្មោះថា xAI ដើម្បីប្រកួតប្រជែងទៅនឹង OpenAI នៅក្នុងឆ្នាំ២០២៣។

ជាងនេះទៅទៀត លោក Musk បានប្តឹង Altman និងអ្នកផ្សេងទៀតកាលពីខែសីហាឆ្នាំមុន ដោយអះអាងថាពួកគេបានរំលោភបំពានលើបទប្បញ្ញត្តិនៃកិច្ចសន្យា ហើយបានស្វែងរកដីការបស់តុលាការ ដើម្បីរារាំង OpenAI ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន ទៅជាគំរូរកប្រាក់ចំណេញ។

ជម្រាបជូនផងដែរថា ពាក្យបណ្តឹងរបស់ Musk ប្រឆាំងនឹង OpenAI និង Altman និយាយថា ដើមឡើយស្ថាបនិក បានមករកលោកដើម្បីស្នើសុំផ្តល់មូលនិធិដល់អង្គភាពមិនស្វែងរកប្រាក់ចំណេញដែលផ្តោតលើការអភិវឌ្ឍន៍ AI ដើម្បីផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ ប៉ុន្តែឥឡូវនេះពួកគេបានក្បត់ទៅនឹងគោលបំណងដើម ហើយងាកទៅផ្តោតលើការរកលុយជំនួសវិញ៕