លោក ត្រាំ ចង់ឲ្យអ៊ុយក្រែនសងនូវរ៉ែកម្រដែលមានតម្លៃ ៥០០ពាន់លានដុល្លារ​ បើចង់បានជំនួយពីអាមេរិក

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់អ៊ុយក្រែន ក្នុងលក្ខខណ្ឌដែលរដ្ឋភិបាលទីក្រុងគៀវ នឹងត្រូវប្រគល់នូវធនធានរ៉ែកម្រដែលមានតម្លៃស្មើនឹង ៥០០ពាន់លានដុល្លារ មកឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយថា ៖”អ៊ុយក្រែនមានសក្ដានុពលយ៉ាងខ្លាំងនៅក្នុងធនធានរ៉ែកម្រ ប្រេង និងឧស្ម័ន។ ខ្ញុំចង់ធានាឲ្យសហរដ្ឋអាមេរិកទទួលបាននូវផលប្រយោជន៍ត្រលប់មកវិញ ព្រោះយើងកំពុងចំណាយរាប់រយពាន់លានដុល្លារ ទៅលើការផ្តល់ជំនួសសម្រាប់ពួកគេ។ ពួកគេអាចនឹងធ្វើកិច្ចព្រមព្រៀង ឬពួកគេប្រហែលជាមិនអាច។ ប៉ុន្តែនៅថ្ងៃណាមួយ ពួកគេអាចផ្នែកមួយរបស់រុស្ស៊ីក៏មិនដឹង។ ប៉ុន្តែយើងបានផ្តល់ឲ្យពួកគេនូវប្រាក់យ៉ាងច្រើន ហើយខ្ញុំចង់បានវាមកវិញ”។

ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា៖ “ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់ទទួលធនធានរ៉ែកម្រ ដែលស្មើនឹងទឹកប្រាក់ ៥០០ពាន់លានដុល្លារ។ ដូច្នេះយ៉ាងហោចណាស់យើងមិនមានអារម្មណ៍ថា យើងល្ងង់នោះទេ។ ខ្ញុំបានសង្កត់ធ្ងន់ចំពោះពួកគេថា យើងត្រូវតែទទួលបានអ្វីមួយជាថ្នូរនឹងការផ្តល់ជំនួយនេះ”។

គួរឲ្យដឹងថា ធនធានកម្រ គឺជាសារធាតុរ៉ែដ៏សំខាន់ក្នុងការផលិតឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជាស្មាតហ្វូន និងអាគុយរថយន្តអគ្គិសនីជាដើម។ សហរដ្ឋ​អាមេរិក​មាន​អណ្តូងរ៉ែ​កម្រ​ដែល​មាន​សមត្ថភាព​តូច​ខ្លាំង​ណាស់ បើ​ទោះ​ជា​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ព្យាយាម​អភិវឌ្ឍ​គម្រោងជីកយករ៉ែ​ក្នុង​ប្រទេស​នេះ​ក៏ដោយ។

រម្លឹកផងដែរថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់អ៊ុយក្រែន ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី​បានផ្ទុះឡើង ដោយបានផ្តល់ជំនួយជាទឹកប្រាក់ប្រហែល ១៧៥ពាន់លានដុល្លាររួចមកហើយ។

ជម្រាបជូនថា លោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតអំពីធនធានរ៉ែដ៏កម្ររបស់អ៊ុយក្រែន ស្របពេលប្រធានាធិបតី លោក Zelenskyy កាលពីដើមខែនេះ បានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិក វិនិយោគលើប្រភពរ៉ែដ៏កម្ររបស់អ៊ុយក្រែន ដោយហៅពួកគេថា ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Zelensky បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងមិនលះបង់ធនធានរ៉ែកម្ររបស់ខ្លួននោះទេ ប៉ុន្តែបានស្នើឲ្យមានភាពជាដៃគូដែលអាចបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក៕