ការលក់រថយន្តនៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះដល់ទៅ ១២% នៅក្នុងខែមករា បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ខណ:នេះជាធ្លាក់ចុះលើកដំបូង គិតចាប់តាំងពីខែកញ្ញាមក និងជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ដោយសារតែក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងប្រឈមមុខទៅនឹងប្រកួតប្រជែងកាន់ខ្លាំង នៅក្នុងទីផ្សារប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការលក់រថយន្តដឹកអ្នកដំណើរមាននិន្នាការកើនឡើងក្នុងរយៈពេលត្រឹមតែពីរខែដំបូង ដោយសារការផ្លាស់ប្តូរពេលវេលាសម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដែលបានចាប់ផ្តើមក្នុងខែមករាឆ្នាំនេះ ខណ:កាលពីឆ្នាំមុន ត្រូវបានរៀបចំធ្វើឡើងនៅអំឡុងខែខែកុម្ភៈ។
ទន្ទឹមនឹងនេះ យោងតាមទិន្នន័យទទួលបានពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិន បានលក់រថយន្តសរុបក្នុងចំនួន ១,៨១ លានគ្រឿង នៅក្នុងខែមករា ពោលគឺបានធ្លាក់ចុះដល់ទៅ១២% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រភពដដែលនេះ បាននិយាយទៀតថា គិតត្រឹមខែដំបូងឆ្នាំ២០២៥ នេះ ការលក់រថយន្ត អគ្គិសនី និងប្រភេទកូនកាត់ Hybrid ត្រូវបានគេព្យាករថាមានចំនួន ៥៧% នៃការលក់រថយន្តសរុប ពោលគឺបានកើនឡើងពី ៤៧% កាលពីឆ្នាំមុន។
គួរឲ្យដឹងផដែរថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD កាលពីថ្ងៃចន្ទ បានទម្លាក់តម្លៃរថយន្តរបស់ខ្លួន ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងយ៉ាងខ្លាំង នៅក្នុងទីផ្សាររថយន្តក្នុងស្រុក ។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនយក្សអាមេរិក Tesla បានបង្កើនការបញ្ចុះតម្លៃ និងការលើកទឹកចិត្តផ្នែកហិរញ្ញប្បទាន នៅក្នុងប្រទេសចិនផងដែរ ចំពេលក្រុមហ៊ុនគូប្រជែង Xpeng និង Nio ក៏បានធ្វើតាមដូចគ្នា ជាមួយនឹងការផ្តល់ហិរញ្ញប្បទានដោយគ្មានការប្រាក់ រហូតដល់ប្រាំឆ្នាំ សម្រាប់ម៉ូដែលរបស់ខ្លួនមួយចំនួន។
ជម្រាបជូនផងដែរថា ចំពោះការនាំចេញរថយន្តចេញរបស់ចិនវិញ ហាក់មើលឃើញពីកំណើនខ្សោយនៅដើមឆ្នាំនេះ ពោលគឺបានកើនឡើងត្រឹមតែ ៣% ប៉ុណ្ណោះក្នុងចំនួន ៣៨០ ០០០ គ្រឿងនៅខែមករា បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានថយចុះពី ៦% នៅក្នុងខែធ្នូ។ នេះបើតាមទិន្នន័យចេញផ្សាយដោយ CPCA ៕