លោក Lei Jun ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Xiaomi ឥឡូវនេះ បានហក់ឡើងមកគ្រងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេស ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៣៥,៣ពាន់លានដុល្លារ។
លោក Lei ដែលបានបង្កើតក្រុមហ៊ុន Xiaomi ដំបូងក្នុងឆ្នាំ២០១០ ជាមួយដៃគូជាច្រើន បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ហក់ឡើងយ៉ាងខ្លាំងពោលគឺដល់ទៅបីដង ពីចំនួន ១០,៩ពាន់លានដុល្លារ គិតនៅក្នុងខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមទស្សនាវដ្តី Forbes ។
ជុំវិញការកើនឡើងទ្រព្យដ៏ច្រើនរបស់លោក Lei នេះ ត្រូវបានកើតឡើង បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi កើនឡើងដល់ទៅ ២៥០% ក្នុងរយ:ពេលត្រឹម ១២ខែចុងក្រោយ។
ទន្ទឹមនឹងនេះ ការទទួលបានភាពជឿជាក់ពីសំណាក់វិនិយោគិនទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងផ្នែកផលិតរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់ Xiaomi ក៏ត្រូវបានចាត់ទុកថាជាផ្នែកដ៏ធំមួយដែលបានជំរុញឲ្យមានការកើនឡើងនៃតម្លៃភាគហ៊ុន និងទ្រព្យសម្បត្តិរបស់លោក Lei ផងដែរ។
ជម្រាបជូនផងដែរថា តំណែងជាអ្នកមានបំផុតដាច់គេនៅក្នុងប្រទេសចិន គឺធ្លាក់ទៅលើលោក Zhong Shanshan ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនទឹកសុទ្ធ Nongfu Spring ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៥៤,៩ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រធានក្រុមហ៊ុន Tencent Holdings លោក Ma Huateng ,សហស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming និងស្ថាបនិកក្រុមហ៊ុន PDD Holdings លោក Colin Huang ៕