រយ:ពេលត្រឹមតែមួយថ្ងៃ មហាសេដ្ឋី Elon Musk របូតលុយអស់ ១៦ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk ត្រូវបានគេរាយការណ៍ថាបានរបូតលុយអស់រាប់ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះ ក្រោយពីមានព័ត៌មាននៃការចាប់ដៃគូ​​​សហការ​​គ្នារវាងក្រុមហ៊ុនគូប្រជែង BYD ជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត DeepSeek។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម ​​Bloomberg Billionaires Index បានបង្ហាញឲ្យដឹងទៀតថា នាយកប្រតិបត្តិ Tesla លោក Elon Musk បច្ចុប្បន្ន មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៧៩ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះអស់ ១៦ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់តម្លៃ។

នៅពេលបិទការជួញដូរចុងក្រោយ កាលថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាមេរិក បានធ្លាក់ចុះដល់ទៅ ៦,៣% ។ ជុំវិញការធ្លាក់ចុះនេះ បានកើតឡើងដោយសារតែក្រុមហ៊ុនគូប្រជែងរបស់ចិន BYD បានប្រកាសពីផែនការសហការក្នុងការអភិវឌ្ឍបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯងជាមួយ DeepSeek ដែលជាម៉ូដែល AI តម្លៃទាប ដែលថ្មីៗនេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសចិន។

ទន្ទឹមនឹងនេះ BYD បាននិយាយថា ខ្លួននឹងផ្តល់ជូននូវប្រព័ន្ធស្រដៀងគ្នាទៅនឹងរថយន្តរបស់ក្រុមហ៊ុន Tesla សម្រាប់ម៉ូដែលភាគច្រើន ជុំវិញការបំពាក់បច្ចេកវិទ្យាបើកបរដោយខ្លួនឯង (Autopilot)។ ហើយចំពោះការបំពាក់បច្ចេកវិទ្យាថ្មីនេះ ហាក់បានបង្កើនការព្រួយបារម្ភបន្ថែមទៀតថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកកំពុងតាមពីក្រោយការប្រកួតប្រជែងនេះ។

ជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិរបស់លោក Musk បានធ្លាក់ចុះអស់ជិត ៦០ពាន់លានដុល្លារ គិតចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅក្នុងសេតវិមានមក។ ប៉ុន្តែទោះជាយ៉ាងណាស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ នៅតែជាប់ឈ្មោះជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក និងតាមពីក្រោយដោយមេធំ Facebook លោក Mark Zuckerberg (មានទ្រព្យសម្បត្តិសរុប ២៥៣ពាន់លានដុល្លារ) និងស្ថាបនិក Amazon លោក Jeff Bezos (មានទ្រព្យសម្បត្តិសរុប ២៥២ពាន់លានដុល្លារ)៕