ជប៉ុន កំពុងស្នើឲ្យអាមេរិកដកប្រទេសខ្លួនចេញពីវិធានការយកពន្ធគយលើដែករបស់លោក ត្រាំ

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ទីក្រុងតូក្យូ បានឲ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភ:ថា ប្រទេសជប៉ុនបានស្នើឲ្យសហរដ្ឋអាមេរិកលើកលែងចំពោះការពន្ធគយលើដែក និងអាលុយមីញ៉ូម ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ​ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា លោក ត្រាំ បានឈានដល់ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយបន្ថែមទៀត ដើម្បីដាក់ពន្ធ ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីគ្រប់ប្រទេសទាំងអស់ ចាប់ពីថ្ងៃទី១២ ខែមីនាតទៅ ដែលបង្កឲ្យមានប្រតិកម្មខឹងសម្បារពីសំណាក់ប្រទេសនាំចេញដែក និងអាលុយមីញ៉ូមធំៗជាច្រើន រួមទាំងកាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុបផងដែរ។

ទន្ទឹមនឹងនេះ លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា៖”យើងដឹងពីបទបញ្ជារបស់ប្រធានាធិបតីអំពីការដាក់ពន្ធបន្ថែមលើដែកថែប និងអាលុយមីញ៉ូម។ យើងបានស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីដកប្រទេសរបស់យើងចេញពីវិធានការពន្ធគយថ្មីនេះ” ។

ជុំវិញសំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។ ស្របពេលលោក​ Yoshimasa បាន​បន្ថែមឲ្យដឹងទៀតថា ប្រទេសជប៉ុននឹងសិក្សាដោយប្រុងប្រយ័ត្ននូវខ្លឹមសារនៃវិធានការពន្ធគយ និងផលប៉ះពាល់របស់វាមកលើប្រទេសជប៉ុន ហើយនឹងអនុវត្តគោលនយោបាយចាំបាច់ណាមួយ។

រម្លឹកផងដែរថា លោក ត្រាំ ក៏ធ្លាប់បានដាក់ពន្ធស្រដៀងគ្នាក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួនផងដែរ ដើម្បីការពារអ្នកផលិតអាមេរិកដែលប្រឈមមុខនឹងអ្វីដែលលោកហៅថាជាការប្រកួតប្រជែងមិនយុត្តិធម៌។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោមអាណត្តិរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន បានលើកលែងជប៉ុនពីការយកពន្ធគយនេះវិញ ដោយអនុញ្ញាតឲ្យប្រទេសនេះអាចនាំចេញដែករបស់ខ្លួន រហូតដល់ ១,២៥ លានតោនក្នុងមួយឆ្នាំ ទៅកាន់សហរដ្ឋអាមេរិកដោយមិនចាំបាច់បង់ពន្ធអ្វីទាំងអស់។

ជម្រាបជូនផងដែរថា យោងតាមមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន បាននិយាយថា ការលើកលែងនោះឥឡូវនេះ ត្រូវបានដកចេញវិញហើយ ខណ:នៅក្រោមគោលនយោបាយថ្មីចុងក្រោយរបស់លោក ត្រាំ ជប៉ុន នឹងត្រូវបង់ពន្ធលើដែកថែប ២៥% ស្របពេលការយកពន្ធលើអាលុយមីញ៉ូមនឹងត្រូវដំឡើងដល់ ២៥% ពីកម្រិត ១០% នាពេលបច្ចុប្បន្ន៕