ភាពតានរវាងនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman និងមហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk កាន់តែកើនកម្តៅខ្លាំងឡើង រហូតឈានដល់មានសង្គ្រាមពាក្យសម្តី ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Sam Altman បានច្រានចោលកិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជុំវិញការទិញយកក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត ពីសំណាក់មេធំ Tesla។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសម្ព័ន្ធមួយដែលដឹកនាំដោយមហាសេដ្ឋី Elon Musk បានព្យាយាមផ្តល់ជូនសំណើដេញថ្លៃ ក្នុងចំនួនទឹកប្រាក់ជិត ១០០ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត OpenAI ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Sam Altman បានបញ្ជាក់យ៉ាងច្បាស់ថា OpenAI មិនមែនសម្រាប់លក់ស្រួលៗនោះទេ។
ទន្ទឹមនឹងនេះ ដោយថ្លែងប្រាប់ទៅកាន់ Bloomberg TV អំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូល Paris AI កាលពេលថ្មីៗនេះ លោក Altman បានលើកឡើងថា៖” លោក Musk បានព្យាយាមរិះរកវិធីគ្រប់បែបយ៉ាងអស់រយ:ពេលយូរមកហើយ។ រឿងចុងក្រោយដែលគាត់បានធ្វើ គឺព្យាយាមទិញយកក្រុមហ៊ុនរបស់យើង។ ការធ្វើបែបនេះ ខ្ញុំគិតថាគាត់ប្រហែលជាចង់ព្យាយាមបន្ថយល្បឿននៃការរីកចម្រើនរបស់យើងប៉ុណ្ណោះ”។
គួរឲ្យដឹងផងដែរថា លោក Musk ដែលជាសហស្ថាបនិក OpenAI ជាមួយ Altman និងសហគ្រិនមួយចំនួនទៀត មានភាពតានតឹងជាមួយ Altman ជាយូរមកហើយ។ ជាងនេះទៅទៀត លោក Musk ក៏បានប្តឹង Altman កាលពីខែសីហាឆ្នាំមុន ដោយអះអាងថាពួកគេបានរំលោភបំពានលើបទប្បញ្ញត្តិនៃកិច្ចសន្យា ហើយបានស្វែងរកដីការបស់តុលាការ ដើម្បីរារាំង OpenAI ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន ទៅជាគំរូរកប្រាក់ចំណេញ។
មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរថាតើ លោក Musk កំពុងព្យាយាមប្រើប្រាស់យុទ្ធសាស្រ្តនៃការដាក់ដេញថ្លៃទិញយក ដើម្បីប្រឆាំងនឹង OpenAI តាមរយ:ការលើកឡើងពីបញ្ហាអសន្តិសុខឬអត់ ខណ:លោក Altman បានយល់ស្រប និងបាននិយាយវាយបកចំៗទៅវិញថា ៖”ប្រហែលជាជីវិតរបស់លោក Musk ទាំងមូលគឺធ្លាប់បានឆ្លងកាត់ស្ថានភាពអសន្តិសុខជាច្រើន។ ខ្ញុំអាណិតគាត់ខ្លាំងណាស់។ ខ្ញុំមិនគិតថាគាត់ជាមនុស្សដែលសប្បាយចិត្តនោះទេ គាត់មានទុក្ខកង្វល់ច្រើន ហើយខ្ញុំយល់ច្បាស់ពីអារម្មណ៍របស់គាត់”។
ជាមួយគ្នានេះ លោក Altman បានសង្កត់ធ្ងន់ទៀតថា លោកមិនដែលព្រួយបារម្ភអ្វីនោះទេ បើទោះបីជាលោក Musk មានតំណែងខ្ពស់នៅក្នុងជួររដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏ដោយ ប៉ុន្តែលោក Musk ទៅវិញទេ ដែលគួរតែព្រួយបារម្ភចំពោះលោកវិញ៕