វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ឋីកំពូល Elon Musk បានយល់ព្រមបង់ប្រាក់សំណងប្រហែល ១០លានដុល្លារដើម្បីដោះស្រាយពាក្យបណ្តឹងដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្តឹងក្រុមហ៊ុន និងអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal (WSJ)។
ជុំវិញពាក្យបណ្តឹងរបស់លោក ត្រាំ នេះបានកើតឡើង នៅពេលដែលបណ្តាញសង្គម X ដែលពីមុនត្រូវបានស្គាល់ថាជា Twitter បានសម្រេចព្យួរគណនីរបស់លោក បន្ទាប់ពីមានការធ្វើកុបកម្ម US Capitol នៅក្នុងខែមករា ឆ្នាំ២០២១។
លោក ត្រាំ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Twitter ដែលឥឡូវគេស្គាល់ថាជា X រួមទាំងក្រុមហ៊ុន Facebook និង Alphabet ដូចជានាយកប្រតិបត្តិរបស់ពួកគេផងដែរនៅពេលនោះ ដោយចោទប្រកាន់ថាវេទិកាទាំងនេះ បានរំលោភបំពានលើសិទ្ធិវិសោធនកម្មទីមួយរបស់លោក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ WSJ បានរាយការណ៍ថា ក្រុមមេធាវីរបស់លោក ត្រាំ បានពិចារណាអនុញ្ញាតឲ្យបញ្ចប់ពាក្យបណ្តឹងជាមួយ X វិញ ដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាងប្រធានាធិបតីរូបនេះ ជាមួយមហាសេដ្ឋី Elon Musk ដែលបានបរិច្ចាគទឹកប្រាក់ប្រហែល ២៥០លានដុល្លារដល់យុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ កាលពីខែវិច្ឆិកាកន្លងទៅ។
ជម្រាបជូនផងដែរថា X គឺជាក្រុមហ៊ុនបណ្តាញសង្គមទី២ ហើយដែលបានយល់ព្រមបង់ប្រាក់សំណង សម្រាប់ការផ្អាកគណនីរបស់លោក ត្រាំ ដោយកាលពីខែមុន Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook ក៏បានព្រមបង់ប្រាក់សំណងប្រហែល ២៥លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងរបស់លោក ត្រាំ ផងដែរ៕