ក្រុមហ៊ុន Samsung Vietnam កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ទៅក្នុងវិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត ឧស្សាហកម្មបន្ទះឈីប Semiconductor និងការបំប្លែងឌីជីថល នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម លោក Choi Joo Ho កាលពីរសៀលថ្ងៃទី១២ ខែកុម្ភ:កន្លងទៅ ដោយក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូងបានបេ្តជ្ញាចិត្តបន្តពង្រីកការវិនិយោគលើវិស័យថ្មីៗបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម។
គួរឲ្យដឹងថា Samsung គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២៣,២ពាន់លានដុល្លារអាមេរិក ជាមួយនឹងចំណូល កើនឡើងដល់ចំនួន ៦២,៥ពាន់លានដុល្លារ និងតម្លៃនាំចេញ កើនដល់ ៥៤,៤ពាន់លានដុល្លារ នៅឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមនឹងបន្តរួមដំណើរជាមួយនិងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមវិនិយោគបរទេស ក្នុងអាជីវកម្មប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងជោគជ័យ នៅវៀតណាម។
លោក Pham បាននិយាយទៀតថា Samsung ចាំបាច់ត្រូវបន្តរក្សាជំហរឈានមុខគេ ដើម្បីក្លាយជាអ្នកវិនិយោគយុទ្ធសាស្ត្រ អភិវឌ្ឍឧស្សាហកម្មគាំទ្រ បន្ទះឈីបសៀគ្វី គ្រឿងអេឡិចត្រូនិក ជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការបង្កើតថ្មី និងការផ្លាស់ប្តូរឌីជីថល នៅក្នុងប្រទេសវៀតណាម។
លើសពីនេះទៀត រដ្ឋាភិបាលក៏បានស្នើឲ្យថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Samsung វៀតណាម ចូលរួមផ្តល់ឱកាសឲ្យកាន់តែច្រើនបន្ថែមទៀតសម្រាប់ប្រជាជនវៀតណាម ក៏ដូចជាលើកកម្ពស់សមត្ថភាពរបស់សហគ្រាសក្នុងស្រុក ដើម្បីឲ្យពួកគេអាចចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុននេះ៕