អាមេរិក ប្រឈមមុខនឹងអតិផរណាកើនឡើងខ្លាំង ចំពេលមានវិធានការពន្ធរបស់លោក ត្រាំ​

អន្តរជាតិ

អតិផរណារបស់សហសរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ ជាងគេរំពឹងទុក កាលពីខែមករាកន្លងទៅ ខណ:តម្លៃគ្រឿងទេស ថាមពល និងសេវាកម្មមួយចំនួនកាន់តែហក់ឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យការរស់នៅរបស់ប្រជាជនអាមេរិក កាន់តែមានភាពលំបាក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិផរណារបស់អាមេរិក បានកើនឡើងដល់ ៣% នៅក្នុងខែមករា ដែលជាអត្រាខ្ពស់បំផុតរបស់ខ្លួនសម្រាប់រយៈពេលប្រាំមួយខែចុងក្រោយ និងកើនឡើងលើសពី ២,៩% ដែលត្រូវបានព្យាករដោយក្រុមអ្នកសេដ្ឋកិច្ច។

ជុំវិញការកើនឡើងនេះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួន ដោយនិយាយថាមានភាពមិនប្រាកដប្រជាជុំវិញស្ថានភាពស្ថានកិច្ចក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក Ryan Sweet ប្រធានសេដ្ឋវិទូអាមេរិកប្រចាំនៅស្ថាប័ន Oxford Economics បាននិយាយថា របាយការណ៍ចុងក្រោយជុំវិញការកើនឡើងនៃអតិផរណានេះ អាចដាក់សម្ពាធលើប្រធានាធិបតីលោក ដូណាល់ ត្រាំ ឲ្យពិចារណាឡើងវិញនូវផែនការទាំងប៉ុន្មាន ទាក់ទិននឹងការដំឡើងពន្ធលើទំនិញចូលប្រទេស ដ៏ចម្រូងចម្រាស់។

គួរឲ្យដឹងថាការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅអាមេរិក កាលពីខែមុន គឺមានលក្ខណៈកាន់តែទូលំទូលាយ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើន រួមទាំងការធានារ៉ាប់រងរថយន្ត ថ្លៃសំបុត្រយន្តហោះ ឱសថ និងទំនិញមូលដ្ឋានផ្សេងៗទៀត។

ជាមួយគ្នានេះ តម្លៃគ្រឿងទេសបានហក់ឡើង ០,៥% ក្នុងខែមករា បើធៀបនឹងការកើនឡើង ០,៣% ក្នុងខែធ្នូ ដោយសារតម្លៃស៊ុតបានកើនឡើងច្រើនជាង ១៥% ចំពេលមានការខ្វះខាតការផ្គត់ផ្គង់ដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។

ផ្ទុយទៅវិញ តម្លៃសម្លៀកបំពាក់បានធ្លាក់ចុះ ខណៈការជួល និងថ្លៃដើមទាក់ទងនឹងលំនៅដ្ឋានផ្សេងទៀត បានកើនឡើង ៤,៤% ធៀបនឹងឆ្នាំមុន ស្របពេលអាហារ និងថាមពលចេញ មានការកើនឡើង ០,៤% ក្នុងខែមករា ដែលត្រូវបានចាត់ទុកថាជាការកើនឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់ គិតចាប់តាំងពីខែមីនាឆ្នាំមុនមក៕