ម៉ិកស៊ិក គ្រោងប្តឹងក្រុមហ៊ុន Google ជុំវិញការប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៊ិក

អន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លាឌីអា សៀនបាម (Claudia Sheinbaum) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភ:កន្លងទៅ បានជំរុញឲ្យក្រុមហ៊ុន Google ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា “ឈូងសមុទ្រអាមេរិក” សម្រាប់អ្នកប្រើប្រាស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយបន្ថែមថារដ្ឋភិបាលរបស់ខ្លួនអាចនឹងប្តឹងរដ្ឋប្បវេណីប្រឆាំងនឹងក្រុមហ៊ុននេះ ប្រសិនបើចាំបាច់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



គួរឲ្យដឹងថា ក្រុមហ៊ុន Google បានប្តូរឈ្មោះសម្រាប់អ្នកប្រើប្រាស់ Google Maps របស់សហរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា ឈូងសមុទ្រអាមេរិក វិញ។

លោកស្រី ​Sheinbaum បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ផ្លាស់​ប្តូរ​នេះ ដោយ​លើក​ហេតុផល​ថា ឈ្មោះ “ឈូង​សមុទ្រ​ម៉ិកស៊ិក” ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ជា​យូរ​មក​ហើយ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំ​រូប​នេះ​ ក៏បាន​និយាយទៀតផងដែរ​ថា Google មិន​បាន​ដោះស្រាយ​ពា្យបណ្តឹង​មុន​ៗរបស់​ម៉ិកស៊ិក​នៅឡើយទេ។

ទន្ទឹមនឹងនេះ លោកស្រី Sheinbaum សង្កត់ធ្ងន់ថា ប្រសិនបើកក្រុមហ៊ុន Google នៅតែប្រកាន់យកការផ្លាស់ប្តូរឈ្មោះនេះ ម៉ិកស៊ិកអាចប្តឹងទៅកាន់តុលាការ។ លោក​ស្រី​បាន​បន្ថែម​ថា​៖ “បើ​ចាំបាច់ យើង​នឹង​ដាក់​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី។ ផ្នែកច្បាប់របស់យើងកំពុងពិនិត្យមើលថា តើយើងអាចនឹងចាត់វិធានការអ្វីបានខ្លះ ប៉ុន្តែយើងសង្ឃឹមថា Google នឹងពិចារណាឡើងវិញ”។

ជម្រាបជូនផងដែរថា សម្រាប់អ្នកប្រើប្រាស់កម្មវិធី Google Maps នៅម៉ិកស៊ិក នៅតែអាចមើលឃើញឈ្មោះ “ឈូងសមុទ្រម៉ិកស៊ិក”។ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ Google Maps នៅខាងក្រៅប្រទេសទាំងពីរ អាចនឹងមើលឃើញឈូងសមុទ្រនេះមានឈ្មោះពីរ ពោលគឺ ឈូងសមុទ្រម៉ិកស៊ិកផង និងឈូងសមុទ្រអាមេរិកផង៕