Alibaba នឹងចាប់ដៃជាមួយ Apple បំពាក់ AI លើទូរស័ព្ទ iPhone លក់នៅក្នុងប្រទេសចិន

អន្តរជាតិ

ប្រធានក្រុមហ៊ុន Alibaba លោក Joe Tsai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈកន្លងទៅ ថាក្រុមហ៊ុនរបស់លោកនឹងចាប់ដៃគូជាមួយ Apple ដើម្បីបំពាក់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ទូរស័ព្ទ iPhones ដែលលក់ក្នុងទីផ្សារប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសហការនេះ ត្រូវបានប្រកាសឡើង អំឡុងពេលលោក Tsai ចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ដោយនិយាយថា ៖”Apple បានពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសចិន។ ប៉ុន្តែនៅទីបំផុតពួកគេបានជ្រើសរើសធ្វើអាជីវកម្មជាមួយយើង។ ពួកគេចង់ប្រើ AI របស់យើងដើម្បីផ្តល់ថាមពលដល់ទូរស័ព្ទរបស់ពួកគេ”។

ក្រោយការប្រកាសនេះ ភាគហ៊ុនដែលបានចុះបញ្ជីនៅទីផ្សាហ៊ុនហុងកុងរបស់ Alibaba បានកើនឡើង ៩,២% ដល់តម្លៃ ១២៤,៣ដុល្លារហុងកុង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានរបស់ពួកគេ គិតចាប់តាំងពីខែមករា ឆ្នាំ២០២២ មក។

គួរឲ្យដឹងផងដែរេថា ការធ្វើសមាហរណកម្ម AI បានឈានដល់ពេលដ៏សំខាន់បំផុតមួយសម្រាប់ក្រុមហ៊ុន Apple ដែលបានប្រឈមមុខនឹងការធ្លាក់ចុះនៃការលក់ទូរស័ព្ទ iPhone របស់ពួកគេ នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំនាក់គូប្រជែងក្នុងស្រុក ជាពិសេសក្រុមហ៊ុន Huawei ។

ក្រុមហ៊ុន Apple បានទទួលរងនូវការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៤ កន្លងទៅ ដោយបានបាត់បង់មកុដរបស់ខ្លួន ក្នុងនាមជាអ្នកលក់ស្មាតហ្វូនដាច់បំផុតរបស់ប្រទេសនេះ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានបង្ហាញឲ្យដឹងថា ការនាំចេញប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ១៧% ដែលអនុញ្ញាតឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុកនាំមុខ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vivo បានដណ្តើមបានចំណែកទីផ្សារធំជាងគេ រហូតដល់ទៅ ១៧% ខណៈ Huawei ទទួលបានចំណាត់ថ្នាក់លេខ២ ដោយមានចំណែកទីផ្សារសរុប ១៦% និងតាមពីក្រោយដោយក្រុមហ៊ុន Apple ជាមួយចំណែកទីផ្សារ ១៥%៕​