ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុតនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២៥ នេះ ពីគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងចំណាត់ថ្នាក់ផលិតផល AirlineRatings ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings លោកស្រី Sharon Petersen បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងទៅលើក្រុមហ៊ុន AirAsia សម្រាប់បណ្តាញហោះហើរដ៏ធំទូលាយពួកគេ ដែលភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ ទៅកាន់គោលដៅជាច្រើននៅទូទាំងពិភពលោក ជាមួយនឹងតម្លៃហោះហើរដ៏សមរម្យជាទីបំផុត។
លោកស្រី Sharon បានបន្ថែមថា ក្រុមហ៊ុន AirAsia ក៏ផ្តល់នូវអាហារក្តៅៗ និងឆ្ងាញ់បំផុតជូនដល់អតិថិជនរបស់ខ្លួនអំឡុងពេលហោរហើរ បើធៀបទៅនឹងក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបផ្សេងទៀត ផងដែរ។
ជម្រាបជូនផងដែរថា ពានរង្វាន់នេះត្រូវបានវាយតម្លៃទៅលើក្រុមហ៊ុនអាកាសចរណ៍យ៉ាងហ្មត់ចត់ ដោយផ្អែកលើអ្វីដែលពួកគេបានផ្តល់ជូនអ្នកដំណើរនៅក្នុងជើងហោះហើរ និងបណ្តាញរបស់ពួកគេ ដោយផ្តោតលើការយកចិត្តទុកដាក់សម្រាប់អ្នកដំណើរ មតិកែលម្អ និងគុណភាពសេវាកម្មដែលជាប់លាប់៕