Jacob & Co ក្រុមហ៊ុនផលិតនាឡិកាដៃល្បីល្បាញបំផុតរបស់ពិភពលោក មានអតិថិជនសុទ្ធតែជាអភិជន

អន្តរជាតិ

យើងប្រហែលជាបានស្គាល់ច្បាស់ហើយនូវ Jacob & Co ដែលជាក្រុមហ៊ុនល្បីល្បាញខាងគ្រឿងអលង្ការ និងជាពិសេសលើការផលិតនាឡិកាដៃដ៏ល្បីល្បាញនៅទូទាំងពិភពលោក ដោយផ្តោតទៅលើភាពច្នៃប្រឌិត និងភាពល្អឯកនៃនាឡិកាដៃដែលមានការចនាប្លែកៗ ខុសដាច់ពីក្រុមហ៊ុនដទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Jacob & Co​ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៦ ដោយអ្នករចនាពេជ្រ Jacob Arabo បច្ចុប្បន្នក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលនៅសង្កាត់ Manhattan ទីក្រុងញូវយ៉ក ក៏ដូជាមានបណ្តាសាខាចែកចាយផ្សេងទៀត នៅក្នុងប្រទេសជាច្រើន។

រម្លឹកផងដែរថា បន្ទាប់ពីបានបញ្ចប់ការសិក្សាដំបូងពីសាលារចនាគ្រឿងអលង្ការ ក្នុងឆ្នាំ១៩៨១ នៅទីក្រុងញូវយ៉ក លោក Jacob Arabo បានបើកស្តង់តូចមួយ នៅក្នុងសង្កាត់ Diamond នៃទីក្រុងញូវយ៉ក ដែលជាកន្លែងលោកបានចាប់ផ្តើមធ្វើគ្រឿងអលង្ការ លក់ និងរចនាជូនជាពិសេសសម្រាប់តែអតិថិជនឯកជន ប៉ុណ្ណោះ។

លុះដល់ឆ្នាំ១៩៨១ លោក Arabo ក៏បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ មានឈ្មោះថា “Diamond Quasar” ហើយបានចាប់ផ្តើមរចនា នៅក្រោមម៉ាកយីហោផ្ទាល់ខ្លួន ដែលមានឈ្មោះថា “Jacob & Co.”។

ដោយសារតែមានជំនាញ និងភាពច្នៃប្រឌិតប្លែកៗ ក្រុមហ៊ុន Diamond Quasar ចាប់ផ្តើមទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ក្នុងចំណោមអតិថិជនដែលមានទ្រព្យសម្បត្តិច្រើន។ ក្នុងទសវត្សឆ្នាំ១៩៩០ ក្រុមហ៊ុននេះ បានក្លាយជាចជាអ្នកលក់គ្រឿងអលង្ការដំបូងគេបង្អស់ដែលបង្កើតគ្រឿងអលង្ការធ្វើឡើងពីការដាំពេជ្រធំៗសម្រាប់បុរស ជាពិសេសសម្រាប់តារាៗ ក្នុងវិស័យចម្រៀង Hip-Hop ដែលក្នុងនោះរួមមាន Sean Combs, Biz, Jay-Z, Drake, 50 Cent និង Big Sean ជាដើម។ ក្រៅតែពីតារាចម្រៀង អតិថិជនរបស់ Jacob Arabo ក៏បានសាយភាពទៅដល់អ្នក​សិល្ប: ​អត្តពលិកល្បីៗ និងបុគ្គលមានឥទ្ធិពលជាច្រើនទៀត ផងដែរ។

ជាមួយនឹងភាពជោគជ័យរបស់ Jacob & Co នៅក្នុងអាជីវកម្មគ្រឿងអលង្ការ លោក Arabo ក៏បានចាប់ផ្តើមងាកទៅរកការផលិតនាឡិកាដៃប្រណីត បន្ថែមទៀត។ ក្នុងឆ្នាំ២០០២ លោកបានបង្កើតនាឡិកាដៃដ៏ពិសេសបំផុតមួយដែលធ្វើឡើងពីត្បូងពណ៌ខៀវ និងត្រូវបានដាក់ឈ្មោះថា Five Time Zone ជាមួយនឹងភាពច្នៃប្រឌិតដ៏ពិសេស ដោយអាចមើលម៉ោង នៅក្នុងតំបន់ Time Zone ៥ ផ្សេងគ្នាលើនាឡិកាដៃតែមួយ។

តាមរយ:ការផលិតនាឡិកាដៃដ៏ប្រណីតប្លែកខុសគេនេះ បានធ្វើឲ្យ Jacob & Co បន្តផ្តោតកាន់តែខ្លាំង ទៅលើការផលិតនាឡិកាដៃរូបរាងពិសេសផ្សេងៗទៀត រហូតមានការទទួលស្គាល់កាន់តែខ្លាំង ជាពិសេសពីសំណាក់អតិថិជនដែលសុទ្ធតែជាអភិជន។ មិនតែប៉ុណ្ណោះ Jacob & Co ក៏បានសហការគ្នាជាមួយក្រុមហ៊ុនលំដាប់កំពូលៗរបស់ពិភពលោកជាច្រើនយ៉ាងផងដែរ សម្រាប់ការផលិតនាឡិកាដៃបែប Limited Edition ដូចជាក្រុមហ៊ុនរថយន្ត Bugatti និងកំពូលតារាបាល់ទាត់ Lionel Messi ផងដែរ។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២២ ប្រាក់ចំណូលរបស់ Jacob & Co ត្រួវបានគេរាយការណ៍ថា បានកើនឡើង ១៣២% ដល់ចំនួនសរុបប្រមាណ ១៨៨លានដុល្លារ។ ប្រាក់ចំណូលរបស់ Jacob & Co ត្រូវបានគេប៉ាន់ស្មានថា មានប្រហែល ៨០% ទទួលបានពីការលក់នាឡិកា និង ២០% ពីគ្រឿងអលង្ការ។ ម៉ាកយីហោនេះ គ្រោងនឹងបន្តពង្រីកទៅកាន់ទីផ្សារសំខាន់ៗមួយទៀត ដូចជា អារ៉ាប៊ីសាអូឌីត ហុងកុង ថៃ និងគុយវ៉ែត ជាដើម៕